សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «មួយជីវិតសម្តេចតេជោ គឺតស៊ូដើម្បីជាតិ និងប្រជាជន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មួយជីវិតសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺបានតស៊ូដើម្បីជាតិ និងប្រជាជន។ ដូច្នេះគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងរបស់សម្ដេចតេជោ គឺមិនមែនយកដីនៅរមណីយដ្ឋានអង្គរនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសពលរដ្ឋនៅខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះដោយបានចោទជាសំណួរថា ក្រុមប្រឆាំងមួយចំនួនពួកគេសួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ របស់សម្ដេចគឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ ដោយមិនទុកមួយណាចោលឡើយ។

ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបាន​រួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូន​ដល់​ប្រជាពលរដ្ឋសរុបជាង ៤ ពាន់គ្រួសារ។

សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។

ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់​នៅក្នុងតំបន់នេះ​មិនអាចអភិវឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់នេះ៕

Powered by Blogger.