ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត សោយទិវង្គត ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ

រាជវង្សអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានសោយទិវង្គតព្រះជន្ម ៦២ព្រះវស្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់បានអះអាងថា ព្រះអង្គម្ចាស់បានសោយទិវង្គតនៅក្នុងហេតុការណ៍ការធ្លាក់យន្តហោះ។


តុលាការរាជវង្សអារ៉ាប៊ីសាអូឌីតបានប្រកាសពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា «ការបួងសួងដល់ព្រះរាជសពរបស់ព្រះរាជាដែលសោយទិវង្គត នឹងត្រូវធ្វើឡើងនៅវិហារអ៊ីស្លាម Imam Turki bin Abdullah ក្នុងទីក្រុង Riyadh។


ខណៈសេចក្តីថ្លែងការណ៍របស់តុលាការមិនបានបង្ហាញពីមូលហេតុនៃការសោយទិវង្គតក៏ពិតមែន ប៉ុន្ដែសារព័ត៌មាន Al Mashhad របស់ប្រទេសលីបង់បានរាយការណ៍ថា ព្រះអង្គម្ចាស់បានសោយទិវង្គតនៅពេលដែលយន្តហោះចម្បាំង F-15 របស់ទ្រង់បានធ្លាក់ក្នុងអំឡុងសមយុទ្ធហ្វឹកហាត់ជាមួយកងទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍។


ព្រះអង្គម្ចាស់ Talal bin Abdulaziz គឺជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Bandar និងជាព្រះរាជនត្តារបស់ស្តេចអារ៉ាប៊ីសាអូឌីតទីមួយ គឺព្រះមហាក្សត្រ Abdulaziz ។


សូមជម្រាបថា ប្រសូតនៅឆ្នាំ១៩៦១ ទ្រង់គឺជាវរសេនីយ៍ឯកនៅក្នុងកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ហើយបំពេញព្រះរាជកិច្ចជាជំនួយការប្រធានផ្នែកចារកម្ម នៅ (GIP ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត) ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២៕

Powered by Blogger.