សន្តិសុខម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយចូលយកកាំភ្លើង ចេញពីរថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់...
បន្ទាយមានជ័យ ៖ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តទំនើបមុខម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនតែអ្វីដែលគួរឲ្យចម្លែកនោះគឺមានបុរសជាសន្តិសុខម្នាក់បានចូលយកកាំភ្លើង និងសម្ភារៈមួយចំនួន ចេញពីរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន យកទៅសាកសួរទាំងយប់ផងដែរ។
ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅចំណុចផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសេរីទំនើបមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BS-6765 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង គ្មានស្លាកលេខ ក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាយុវជនមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល១៨ឆ្នាំម្នាក់ ស្លាប់ភ្លាមនឹងកន្លែង ហើយរថយន្ត បានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ ចំណែកតៃកុងរថយន្តក្រោយបង្កហេតុ បានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុភ្លាម ៗ គេឃើមានបុរសម្នាក់ ពាក់ឯកសណ្ឋាន ជាសន្តិសុខដែលមានស្លាកសញ្ញាសម្គាល់នៅនឹងអាវ 8888 បានជិះម៉ូតូមកបើកទ្វាររថយន្តបង្ក យកកាំភ្លើងខ្លី និងសម្ភារៈមួយចំនួន ចេញពីក្នុងរថយន្ត ដោយបានអះអាងថា មេជាអ្នកបញ្ជាឲ្យយក ។
ភ្លាមៗនោះ បុរសជាសន្តិសុខរូបនោះ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដែលនៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើវាស់វែង រួមយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំដោះស្រាយបន្ត ចំណែកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តប្រជាធម្ម រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចនៅមិនទាន់ផ្តល់ព័ត៌មានជាក់លាក់ អំពី អត្ដសញ្ញាណអ្នកបើកបររថយន្តបង្ក ជនរងគ្រោះ និងអ្នកបញ្ជាឲ្យសន្តិសុខ យកសម្ភារៈ និងកាំភ្លើងពីក្នុងរថយន្តនៅឡើយទេ ៕
Post a Comment