សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមថ្មី ២៣រូបទៀត
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដារបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានបោះឆ្នោតជ្រើសរើសបន្ថែមថ្មីចំនួន ២៣ រូបទៀត។
ការបោះឆ្នោតនេះ គឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានអនុប្រធានចំនួន ៥រូប ដែលរួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន ៤៩៦ នាក់បន្ថែមទៀតត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។ ការបន្ថែមសមាជិកថ្មីជិត ៥០០ នាក់នេះ ធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។
ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏មានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕
Post a Comment