ទីបំផុតសមត្ថកិច្ចបានហៅមកដុះក្អែលហើយណែនាំនិងប្រគល់អាណាព្យាបាលវិញ

 សេចក្តីបំភ្លឺព័ត៌មានៈ

      


  ក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពក្មេងស្រីៗ៣នាក់ជិះម៉ូតូ(អ្នកអង្គុយកណ្តាលជិះបែរមុខមកក្រោយ) មានរយៈពេល ១នាទី និង១៧វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Chim Bopha ដែលកើតហេតុនៅក្នុងមូលដ្ឋានក្រុងដូនកែវ មានខ្លឹមសារថា(ក្មេងៗប្រុសស្រី មួយក្រុមដែលតែងតែជិះម៉ូតូប្រលែងគ្នាស្រែកឡូឡាបាចសាចពេញផ្លូវបង្កភាពអសន្តិសុខដល់អ្នកធ្វើដំណើរឥឡូវបានឃើញមុខច្បាស់ហើយ)។



         បន្ទាប់ពីមានស៊ែរចែកចាយវីឌីអូនិងរូបភាពក្មេងស្រីៗទាំង០៣នាក់នោះតាមបណ្តាញសង្គមហ្វេសប៊ុក។ ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការស្រាវជ្រាវរកក្មេងៗស្រីទាំង០៣នាក់មកធ្វើការអប់រំ។ ក្រោយពីទទួលបានបញ្ជាខាងលើ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៣ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណក្មេងស្រីៗទាំង០៣នាក់ ក្រោយកំណត់បានអត្តសញ្ញាណក្មេងស្រីៗទាំង០៣នាក់ខាងលើ អធិការដ្ឋាន បានធ្វើលិខិតអញ្ជើញដោយមានអាណាព្យាបាលក្មេងៗទាំង០៣នាក់ ចូលរួមស្តាប់ និងធ្វើលិខិតធានា(បន្តអប់រំណែនាំកូនចៅរបស់ខ្លួន កុំឲ្យធ្វើសកម្មភាពខុសឆ្គងបន្តទៀត)។ 



          សូមរំលឹកថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង១៥និង០០នាទី មានក្មេងៗ ភេទស្រីចំនួន០៣នាក់ ដែលជាសិស្សរៀនថ្នាក់ទី៦ (គ) ០២នាក់ និងរៀនថ្នាក់ទី៦ (ក) ០១នាក់ នៃសាលាបឋមសិក្សាតាកែវក្រុង។ ដោយនៅពេលម៉ោងដូចខាងលើ ដែលជាម៉ោងចេញលេង ពេលនោះឈ្មោះ លី លីនដា ភេទស្រី អាយុ១៣ឆ្នាំសិស្សរៀនថ្នាក់ទី៦(គ)បានបបួលឈ្មោះ គា ស្រីកា ភេទស្រី អាយុ១៣ ឆ្នាំសិស្សរៀនថ្នាកទី៦(គ)។ ទាំង០២នាក់ មានទីលំនៅ នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និង ឈ្មោះ ទូច មុន្នីរ័ត្ត ភេទស្រី អាយុ១៣ឆ្នាំ សិស្សរៀនថ្នាកទី៦(ក) មានទីលំនៅ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូ ម៉ាកកូនទា ដើម្បីទៅរកទិញប៊ិច នៅហាងអាយម៉ាត ស្ថិតនៅទល់មុខវិទ្យាល័យ ជា ស៊ីម តាកែវ។ ដោយឈ្មោះ លី លីនដា ជាអ្នកបើកម៉ូតូ, ឈ្មោះ គា ស្រីកា ជិះកណ្តាល (ជិះបែរមុខមកក្រោយ) និងឈ្មោះ ទូច មុន្នីរ័ត្ន ជិះពីក្រោយ។ អ្នកទាំង០៣នាក់ បន្ទាប់ពីទិញប៊ិចបានហើយ បាននាំគ្នាជិះម៉ូតូតាមបណ្តោយផ្លូវជាតិ លេខ២ មានទិសដៅពីលិច ទៅកើត ដោយឈ្មោះ លី លីនដា ជាអ្នកបើកដដែល លុះជិះមកដល់ម្តុំមុខក្លោងទ្វារវត្ត សីហរតនារាម ក៏បានឃើញមិត្តភ័ក្រ ០១នាក់ទៀត ភេទប្រុស អាយុប្រហែលជាង១០ឆ្នាំ រៀនថ្នាក់ទី៣ ដែលស្គាល់គ្នាជាមួយឈ្មោះ គា ស្រីកា ហើយកំពុងបើកបរម៉ូតូ មានទិសដៅស្របគ្នា ដោយឃើញឈ្មោះ គា ស្រីកា ជិះម៉ូតូបែរ មុខមកក្រោយដូច្នោះ ក៏មិត្តភ័ក្រប្រុសនោះបានលើកជើង ឆ្កឹះទាត់សំដៅទៅឈ្មោះ គា ស្រីកា ហើយឈ្មោះ គា ស្រី កា ក៏បានលើកជើងឆ្កឹះទាត់វិញ (ឆ្កឹះគ្នា ទាត់គ្នាទៅវិញ ទៅមក របៀបលេង) ក្នុងពេលកំពុងជិះម៉ូតូ។ គាប់ជួនពេល នោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chim Bopha ដែលកំពុងបើកបរម៉ូតូពីខាងក្រោយ ហើយបានឃើញហេតុការណ៍ដូចរៀបរាប់ជូនខាងលើ គាត់(ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chim Bopha) ក៏យកទូរស័ព្ទថត ពេលនោះ ឈ្មោះ គា ស្រីកា បានឃើញគាត់ (Facebook ឈ្មោះ Chim Bopha) កំពុងតាមថត ទើបឈ្មោះ គា ស្រីកា បានប្រាប់ទៅឈ្មោះ លី លីនដា ដែលជាអ្នកបើកបរម៉ូតូថា មានគេតាមថតហើយ លឺដូចនោះឈ្មោះ លី លីនដា ក៏បាន បន្ថែមល្បឿនម៉ូតូជិះសំដៅទៅវិមានឯករាជ្យ បត់ទៅកែងអគ្គិសនីតាកែវ បត់សំដៅទៅផ្សារណាត់ ដល់ផ្សារណាត់ បានបត់មកទិសខាងលិច សំដៅមកមុខមហោស្រពខេត្ត ក៏បាត់មិនបានឃើញ(ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chim Bopha)ជិះម៉ូតូដេញតាមថតពីក្រោយពួកគេ បន្ទាប់មកក្រុមក្មេងៗទាំង០៣នាក់ខាងលើ បានជិះម៉ូតូចូលទៅក្នុងបរិវេណសាលា រៀន ដើម្បីចូលរៀនវិញ។



         ក្រោយធ្វើការសាកសួរ ពីសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងបានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើអប់រំណែនាំ និងធ្វើកិច្ចសន្យាក្មេងស្រីៗទាំង០៣នាក់នោះ ចំណែកអាណាព្យាបាលក្មេងស្រីៗទាំង០៣នាក់ ធ្វើលិខិតធានាកូនៗរបស់ខ្លួនបន្តណែនាំអប់រំ (ដើម្បីឲ្យពួកគាត់ក្លាយខ្លួនទៅជាកូនល្អ,សិស្សល្អ,ពលរដ្ឋល្អនៅក្នុងសង្គម)។

              

  សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាននានា ដែលបានសហការផ្តល់ព័ត៌មាន មកកាន់អង្គភាពយើងខ្ញុំ ដើម្បីបានចុះធ្វើការស្រាវជ្រាវ ក៏ដូចជាបានបកស្រាយបំភ្លឺបានទាន់ពេលវេលា បញ្ជៀសបាននូវការយល់ច្រឡំពីសំណាក់មហាជន ជាពិសេសក្រុមជនអគតិមួយចំនួន ដែលគេងចំណេញផលប្រយោជន៍តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រឌិត បំភ្លៃការពិតខុសពីរឿងហេតុជាក់ស្តែង  នៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានមតិរិះគន់ទាំងគ្មានប្រភពព័ត៌មានច្បាស់លាស់ និងបាត់បង់ទំនុកចិត្តមកលើសមត្ថកិច្ចមូលដ្ឋានផងដែរ។

Powered by Blogger.