DSI ទុកពេល៣០ថ្ងៃឱ្យផ្សារទំនើប Makro ពន្យល់ពីការចោទប្រកាន់ពីការទិញសាច់ជ្រូកបង្កកគេចពន្ធ

ថៃ៖ ឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បាននិយាយថា DSI កំណត់រយៈពេល ៣០ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដែលកំពុងតែដឹកនាំការស៊ើបអង្កេត ពាក់ព័ន្ធការទិញសាច់ជ្រូកគេចពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

លោក​បាន​បន្ត​ថា នៅ​ពេល​នាយកដ្ឋាន​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Makro កាល​ពី​ខែ​មុន បាន​ស្នើ​សុំ​ការពន្យាពេលគ្មានកាល​កំណត់​លើ​ការ​ពន្យល់​ដោយ​និយាយ​ថា ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀបចំ​ឯកសារ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ផ្សារលក់ទំនិញ Makro ដែលដំណើរការដោយក្រុមហ៊ុន CP Extra Plc បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធថា ខ្លួនមិនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd នោះទេ។

ក្រុមហ៊ុន Wealthy & Healthy Foods Co Ltd ដែលមានម្ចាស់អាយុ ៦៩ឆ្នាំ និងកូនប្រុស អាយុ ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិមួយថ្ងៃមុននេះ ពីបទរត់ពន្ធសាច់ជ្រូករាប់ពាន់តោនពីប្រទេសជិតខាងដោយខុសច្បាប់ ចន្លោះឆ្នាំ២០២១ រហូតដល់ដើមឆ្នាំ២០២៣នេះ ។

ទាក់ទិននឹងបញ្ហានេះ ផ្សារលក់ទំនិញ Makro បានអះអាងថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកពីក្រុមហ៊ុននេះតាំងពីពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីដឹងថា ផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាព។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ផ្សារ Makro ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរ ដោយបន្ថែមថា ការបញ្ជាទិញដែលប្រើក្នុងការចោទប្រកាន់ទាំងនេះ គឺជារបស់ចាស់ដែលនៅសល់ប៉ុណ្ណោះ។

យ៉ាងណាម៉ិញ ផ្សារទំនើប Makro ក៏បានអះអាងទៀតថា ក្រុមហ៊ុនមានឆន្ទៈក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតប្រតិបត្តិការគេចពន្ធសាច់ជ្រូកនេះផងដែរ៕

ប្រភព៖ The Nation


Powered by Blogger.