បុរសវ័យប្រមាណជាង៣០ឆ្នាំម្នាក់លោតពីលើដំបូលអគារសាលាបស្សនាកម្ម វត្តបាលិលេយ្យ ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យស្លាប់
(បន្ទាយមានជ័យ) ភ្ញាក់ផ្អើលទាំងព្រឹកខណៈបុរសវ័យប្រមាណជាង៣០ម្នាក់ បានឡើងលើដំបូលអគារសាលាបស្សនាកម្ម វត្តបាលិលេយ្យរួចលោតទម្លាក់មកក្រោមបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនឹងបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដែលហេតុការណ៍ដល់គួរឱ្យរន្ធត់នេះបានបង្កឲ្យភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា÷ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញ រួមនឹងក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីគីដា បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ពោលគឺព្រឹកព្រលឹមជនរងគ្រោះបានដើរទៅដើរមកជាច្រើនដង ក្រោយមកក៏ស្រាប់តែឃើញឡើងលើដំបូលអគារសាលាបស្សនាកម្ម ហើយក៏ដើរទៅដើរមក បង្កការភ្ញាក់ផ្អើល មួយសន្ទុះក្រោយមកក៏ស្រាប់តែលោតពីលើដំបូលបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។បើតាមប្រភពព័ត៌មានតាមបណ្ដាញតេឡេក្រាម ដែលបានអះអាងថាខ្លួនជាភរិយារបស់ជនរងគ្រោះនោះបានប្រាប់អ្នកសារព័ត៌មានថា ពួកខ្លួនរស់នៅស្រុកចំការលើ ខេត្តកំពង់ចាម មុនពេលកើតហេតុជនរងគ្រោះដែលជាស្វាមី បានទៅស្វែងរកការងារធ្វើនៅក្រុងប៉ោយប៉ែត ហើយកាលពីថ្ងៃទី១ ខែមករា ជនរងគ្រោះបានខលទូរសព្ទសុំខ្ចីលុយបងប្អូននៅស្រុកកំណើតដើម្បីវិលត្រឡប់ទៅវិញ ដោយសាររកការងារធ្វើពុំបាន ហើយម្យ៉ាងវិញទៀតជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនទៀតផង ដូច្នេះជាហេតុធ្វើឲ្យជនរងគ្រោះមានវិបត្តិក៏គិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតពីលើដំបូលអគារសាលាបស្សនាកម្ម វត្តបាលិលេយ្យតែម្ដង។លោក នួន នីគីដា ប្រធានក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ជីវិត ក្រោយពីដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។បច្ចុប្បន្នក្រុមគ្រួសារសព កំពុងឡើងពីខេត្តកំពង់ចាមមកទទួលសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment