ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ សួនប៉ោយបែត តេជោឈ្នះឈ្នះ និងប្រកាសសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតឆ

 



បន្ទាយមានជ័យ៖ នានៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រេីប្រាស់ សួនប៉ោយបែត តេជោឈ្នះឈ្នះ ជាសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រសម្រាប់ក្រុងប៉ោយប៉ែត  ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការ គ្រប់កង ឯកភាព គណៈអភិបាលក្រុង ប្រធាន-សមាជិកក្រុមប្រឹក្សាក្រុង យុវជន បងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រេីនកុះករ ។ 



សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ មានប្រវែង២៥០ម៉ែត្រ និងចំណាយថវិកាសាងសង់អស់ជិត១០ម៉ឺនដុល្លាអាមេរិក។ សួននេះ គឺជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើន របស់ក្រុងប៉ោយប៉ែត ដែលពីមុនទីតាំងនេះ ត្រូវបានគ្របដណ្តប់ដោយសំណង់ មិនរៀបរយរំលោភលើដីចំណីផ្លូវជាតិលេខ៥ និងចំណីផ្លូវរថភ្លើង ប៉ុន្តែនៅដើមខែមេសាឆ្នាំ២០២២កន្លងមក ទីតាំងនេះ ត្រូវបានលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះដោះស្រាយ សម្របសម្រួលបញ្ចប់បញ្ហា ហើយក៏បានរៀបចំឲ្យក្លាយទៅជាសួនលំអក្រុងប៉ោយប៉ែត សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ដែលបានប្រសិទ្ធនាមថា សួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះ។ 

សូមរំលឹកផងដែរ កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចំនួន ១១២រូប នៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។  

 លោករដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ 

 ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន ១២២រូប ដែលក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣ ៦៥៩រូប។ តាមរយៈក្រុមការងារដែលបានបែងចែក និងបានណែនាំក្រុមការងារឱ្យរៀបចំសមាសភាពបន្ថែម ដើម្បីចុះដល់មូលដ្ឋានភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមការចង្អុលបង្ហាញ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។  

 លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។ 

 បើតាមលោករដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយ តែមិនមែនធ្វើជំនួសនោះទេ ហើយក្រុមការងារក៏មិនសម្រេចជំនួសអង្គភាពជំនាញដែរ។ ជាមួយគ្នានោះ លោកក៏បានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិ និងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។ 

 សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចចាត់តាំងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ខេត្តបន្ទាយមានជ័យ តាមសេចក្តីសម្រេចលេខ ២០៦សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិសរុប ១២២រូប។ 

 ជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕ 




Powered by Blogger.