មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យសកម្មភាពការងារ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត...!

 

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២គណៈកម្មការចំពោះកិច្ច បានដឹកនាំប្រតិភូចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពីប្រសិទ្ធិភាពការងារមួយចំនួន។




ឯកឧត្តម សៀក សុជាតិ ក្រៅពីលើកយកប្រសាស!ន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប បានលើក​ឡើងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជា ច្រកទ្វារព្រំដែនដែលមាន​ភ្ញៀវជាតិ អន្តរជាតិចេញចូលច្រើន ពិសេសប្រជាពលរដ្ឋខ្មែរដែលជាអាជីវករចូលព្រឹក វិលល្ងាចលក់ដូរ​ក្នុងផ្សាររុងក្លឿ និងផ្សារដទៃទៀតក្នុងប្រទេសថៃ ។ សកម្មភាពចេញចូលនេះ បានបង្កជាសកម្មភាពមមាញឹកដល់ច្រក និងសមត្ថកិច្ច។


ឯកឧត្តម បានបន្ដថា ទោះបីជាស្ថិតក្នុងភាពមមាញឹកយ៉ាងណាក៏ដោយ សមត្ថកិច្ចច្រកទ្វារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឱ្យអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យ​ការបំពេញបែបបទ និងការងារប្រថាប់ត្រាបានលឿនរហ័ស និងមិនមានការកកស្ទះ ដែលជាហេតុនាំ​ឱ្យមានការ​យឺតយ៉ាវ​ដល់ការឆ្លងកាត់របស់ភ្ញៀវ និងពលរដ្ឋជាអាជីវករ។



ជាមួយនោះឯកឧត្តម សៀក សុជាតិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង​ភាពរីកចម្រើនដែលផ្តើមចេញពីកត្តាសុខសន្តិភាពដែលរកបានដោយកម្ររបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានប្រកាសអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ​ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត មន្ត្រីរាជការក៏ដូចសមត្ថកិច្ចមានភាពងាយស្រួល និងលឿនរហ័ស​ដោយមានការ​រីកចម្រើននៃបច្ចេកវិទ្យា។



លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន​ឱ្យដឹងផងដែរថា ​បច្ចុប្បន្នប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមនូវបញ្ជរចំនួន១៤បន្ថែមទៀត ក្នុងនោះ៥បញ្ជរនៅផ្នែកបណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង៩ បញ្ជរទៀតសម្រាប់ប្រថាប់ត្រា(ចេញ០៥ ចូល០៤) ដែលបញ្ជរទាំងនេះបានសង់ស្របតាមដង​ផ្លូវ​ក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិះគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។


លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា គោលបំណងដែលប៉ុស្តិ៍សាងសង់​បញ្ជរប្រថាប់ត្រាបណ្ណព្រំដែនបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាបណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូល​ប្រទេស ឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ​ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ​ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ៕

Powered by Blogger.