សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យបាននាំយកអំណោយប្រគល់ជូន គ្រួសារកូនភ្លោះស្រី២នាក់ ដែលម្តាយស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍..!
បន្ទាយមានជ័យ ៖ ដោយអនុវត្តតាមវប្បធម៌ចែករំលែកឬជួយគ្នាក្នុងគ្រាអាសន្ននារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ដឹកនាំដោយផ្ទាល់ដោយលោកជំទាវ ជ័យ ណារី រាត្រី អនុប្រធានកិត្តិយសសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត បានដឹកនាំក្រុមការងារមានលោកស្រី រស់ សុផានី អភិបាលរង និងជាប្រធានសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រុមការងារ អនុសាខាស្រុកស្វាយចេក បាននាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារកូនភ្លោះស្រី២នាក់ ដែលម្តាយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់បន្សល់ទុកនៅកូនស្រី៤នាក់ក្នុងនោះទារិកាភ្លោះអាយុទើប១ខែកន្លះអោយនៅកំព្រា ស្ថិតនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះលោកជំទាវ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសារសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពពីសំណាក់ លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ជូនគ្រួសារនៃសពដោយក្ដីអាឡោះអាល័យជាពន់ពេក។
លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក្រោយពីទទួលបានព័ត៌មានដ៏រន្ធត់នេះ ក្នុងនាមសាគមនារី បានកៀងគររកថវិកា សម្ភារៈដើម្បីចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារនៃសពផងដែរ ដោយបាននាំយកនូវម្សៅទឹកដោះគោ រួមនឹងសម្ភារៈមួយចំនួនទៀតសម្រាប់ផ្តល់ជូនទារិកាទាំង២នាក់។
សូមរំលឹកផងដែរថា កាលវេលាម៉ោង៨និង៥៤នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ សៃបូ រ៉ី បានជួបគ្រោះថ្នាក់ គ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូទៅទិញថ្នាំឱ្យក្មួយ ហេីយប៉ះជាមួយសត្វគោបណ្តាលឱ្យម៉ូតូ ទាក់ដៃចង្កូតម៉ូតូដួល ស្របពេលនោះក៏មានរថយន្តដឹកដីមកពីទិសច្រាសគ្នា បានកិនចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ចំពោះអំណោយ ដែលនាំយកទៅជូនគ្រួសារសពម្តាយកូនភ្លោះរួមមាន អង្ករ៥០គីឡូក្រាម ទឹកសុទ្ធទឹកស៊ីអ៉ីវ មី ត្រីខ គ្រឿងឧបភោគបរិភោគ សម្ភារៈមានម្សៅទឹកដោះគោ សម្ភារៈផ្សេងៗមួយចំនួនទៀត រួមនឹងថវិកាចំនួន ៦៥ម៉ឺនរៀល។
ជាមួយគ្នានោះលោកជំទាវ ព្រមទាំងក្រុមការងារក៏បាននាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ មានអង្ករ គ្រឿងឧបភោគបរិភាគ រួមនឹងថវិកា៥៨ម៉ឺនរៀលជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ៕
Post a Comment