កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ, ជនដៃដល់សរុប៣នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់

 


កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨៖០០នាទី នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យចំនួន០៣នាក់ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់​ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ពួកគេបានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំនួន០២នាក់រួមមាន ឈ្មោះ អ៊ា សែម ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់បណ្ដាលឲ្យស្លាប់ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ តឿ តន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។


ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ដោយឡែកសង្ស័យចំនួន២នាក់ ឈ្មោះ យ៉ាន់​ សៅ និងឈ្មោះ សែ សុភាព  បានរត់គេចខ្លួនបាត់ដោយបានយកវត្ថុតាងទៅជាមួយ។


ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។



លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់៖

*ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច​ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង​)

 *ទី២៖ ឈ្មោះ យ៉ាន់​ សៅ​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង)។

 


បន្ទាប់ពីបានធ្វើការសាកសួរបឋម​​ ជនសង្ស័យទាំង២ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរងរបួស ពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានបង្កហិង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់សម្លាប់ និងហិង្សានេះឡើង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Powered by Blogger.