ជនជាតិថៃប្រុសស្រីពីរនាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន!
(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់..។
សមត្ថកិច្ចបានឲ្យដឹងថា÷កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ជនសង្ស័យជនជាតិថៃប្រុស-ស្រី ២នាក់ នៅចំនុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាំងមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនស្ស័យទាំង២នាក់ ១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ) ។ វត្ថុតាងចាប់បានរួមមាន៖ -គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម, -ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម, -ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម,-ទូរស័ព្ទដៃ ចំនួន០២គ្រឿង, -នាឡិកាដៃ ចំនួន០២គ្រឿង, -កាបូប ចំនួន០២, -លិខិតឆ្លងដែន ចំនួន០២ក្បាល, -ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន, -ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង, -ថង់វេចខ្ចប់មួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនឈានដល់ការបង្រ្កាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ទទួលពត៌មានពីសន្ដិសុខថា មានករណី រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ ភ្លាមៗលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
Post a Comment