កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យម្នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី​រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ...



  (បន្ទាយមានជ័យ​)​÷ នៅវេលាម៉ោង១៥និង៣៧នា​ទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ គង់ សម្បត្តិ (ម៉ី) ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរកម្មករ(ដឹកបាយម្ហូប)​ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

 

ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ម្តាយជនរងគ្រោះឈ្មោះ​ ស.ស.ភអាយុ៤៣ឆ្នាំ រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ បេីតាមម្តាយជនរងគ្រោះបាន​រៀបរាប់ថា នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កូនស្រីគាត់ឈ្មោះ​ ប​.ច.ន អាយុ១៣ឆ្នាំ បានជិ:ម៉ូតូចេញពីផ្ទះដោយគ្មានដំណឹង ក្រោយមកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មិត្តភក្ដិកូនស្រីរបស់គាត់​បានឆាតទៅកូនស្រីគាត់ ហើយប្រាប់ថាម្តាយឈឺម៉េចមិនមកមើលគាត់ផង ប៉ុន្ដែឈ្មោះ​ ម៉ី​ ដែលជាជនសង្ស័យ បានឆ្លើយតបជំនួសកូនស្រីគាត់ថា មិនបាច់បារម្មណ៍ទេ កូនស្រីគាត់នៅជាមួយគេបានសុខហើយ។ ដោយមានការព្រួយបារម្មណ៍ពីកូនស្រី រូបគាត់ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។

    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះស្រាវជ្រាវ​ និងកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

    ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​រួច ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ដាយជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

​    លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

​    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៤​ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕


Powered by Blogger.