យុវជនម្នាក់បានធ្វើអត្តឃាតដោយ(ចងក)សម្លាប់ខ្លួន
បាត់ដំបង៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ភូមិរកា ឃុំរកា ស្រុកសង្កែខេត្តបាត់ដំបង ដែលសាកសពជនរងគ្រោះមានឈ្មោះ រុយ រ៉ាវី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ វី កិត្តទ្រព្យ ភេទស្រី អាយុ២២ឆ្នាំ ដែលត្រូវជាបងស្រីជីដូនមួយបានអោយដឹងថា នៅថ្ងៃទី២១ ខែមីនា.ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨នឹង០០នាទី ឈ្មោះ រុយ រ៉ាវី (សព)បាននិយាយថាខ្លួនគេនឹកពុកណាស់ខលទូរស័ព្ទទៅឪពុកឲ្យមកលេងផ្ទះតែឪពុកគេមិនមកពីព្រោះនៅឆ្ងាយ(ធ្វើកម្មករនៅប្រទេសថៃ) ដោយម្ដាយបានស្លាប់ចោលយូរហើយ.បន្ទាប់មកក៏បាននាំបងប្អូនហូបបាយ ហើយបន្ទាប់ពីហូបបាយហើយឈ្មោះ រុយ រ៉ាវី ដេកលើអង្រឹងនៅសំយ៉ាបផ្ទះខ្លួនក៏ឡើងទៅលើផ្ទះដេកដូចធម្មតា។
លុះព្រឹកឡើងវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ វី កិត្តទ្រព្យ ដែលត្រូវជាបងស្រីជីដូន១ បានដើរទៅខាងក្រោយផ្ទះក៏ប្រទះឃើញ ឈ្មោះ រុយ រ៉ាវី បានយកខ្សែរកាបូបពណ៌ខ្មៅចងកជាប់និងមែកស្ដៅកម្ពស់៣ម៉ែត្រស្លាប់បាត់ហើយ បន្ទាប់មកក៏បានស្រែកអោយគេជួយនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចចុះមកត្រួតពិនិត្យលើដងខ្លួនសាកសពរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា:សពពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ទៅអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។
Post a Comment