អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីលួចម៉ូតូតាមបណ្ដឹងរបស់ជនរងគ្រោះ...!
(បន្ទាយមានជ័យ)÷ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ទៅកាន់តុលាការ។
សមត្ថកិច្ចបានឲ្យដឹងថា ÷កាលពីវេលាម៉ោង១៥
និង០០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុងបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សៀម វុទ្ធ (តឿ, ថៃ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២.ឈ្មោះ ឆាត វុទ្ធី (ចុយ,ឃុយ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០៥ និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុង ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងវត្ថុតាងចាប់យកមាន ១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានផ្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។ ២.ម៉ូតូម៉ាកហុងដាហ្សូនិច ពណ៌ស ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។ ៣.ផ្លាកលេខម៉ូតូ សៀមរាប 1AB-9396 ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឃឹម ថេត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះជាកម្មករសំណង់ និងបានស្នាក់នៅក្រុងប៉ោយប៉ែត ទេីបធ្វេីការបានរយៈពេលប្រហែល០៤ខែ នៅវេលាកេីតហេតុជនរងគ្រោះត្រឡប់មកធ្វើការវិញ បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាក លេខឧត្តរមានជ័យ 1E-0049 នៅមុខបន្ទប់ជួល តែមិនបានចាក់សោករនោះទេ ហើយបានចូលដេកនៅក្នុងបន្ទប់ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូតែម្តង។
ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅចំណុចភូមិ អូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យក វត្ថុតាង នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ អនុវត្តតាមនីតិវិធី៕
Post a Comment