សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង នៅក្រុងប៉ោយប៉ែត បង្រ្កាប ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់
បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត ២កន្លែង នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ នឹងធ្វើតេស្តរកសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។
លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយការបង្ក្រាបទីតាំងហាងខារ៉ាអូរខេ និងក្លិបកម្សាន្ត ២កន្លែងខាងលើ មនុស្សប្រុសស្រីជិត២០០នាក់ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើតេស្តទឹកនោម បើករកឃើញថា មានប្រើប្រាស់សារធាតុញៀន នឹងត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។
លោកបានបញ្ជាក់ថា ការចុះបង្ក្រាបរបៀបនេះ និងបន្តធ្វើជាប្រចាំ បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយ មានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀន ត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀន មិនឱ្យកើតមាន និងការពារសន្តិសុខ ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ៕
Post a Comment