ជនសង្ស័យ០៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស
បាត់ដំបង ៖ ជនសង្ស័យ០៧នាក់ ត្រូវបានកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនបានក្រោយធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើបុរសម្នាក់អោយរងរបួសត្រង់ខ្នង និងកាប់ខូចខាតម៉ូតូ០១គ្រឿង។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ផល ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០១ក្រុម មានគ្នាប្រហែល១០នាក់ ជិះម៉ូតូប្រហែល០៥គ្រឿង បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត កាប់មកលើខ្លួនបណ្ដាលឲ្យរងរបួសត្រង់ខ្នង និងកាប់ម៉ូតូ០១គ្រឿងព្រមទាំង យកស្លាកលេខម៉ូតូទៅជាមួយ ខណៈពេលខ្លួនកំពុងអង្គុយលើម៉ូតូមើលទូរស័ព្ទ កាលពីវេលាម៉ោង០០.១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ ម៉ន ប៊ុនធី ភេទប្រុសអាយុ១៧ឆ្នាំ, ២-ឈ្មោះ ខឿត សុវិចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ ពុយ លីពីន ភេទប្រុសអាយុ១៧ឆ្នាំ, ៤-ឈ្មោះ យ៉ត រតនៈវិទូ ភេទប្រុសអាយុ១៦ឆ្នាំ, ៥-ឈ្មោះ ដារ៉ា លីហៀង ភេទប្រុសអាយុ១៨ឆ្នាំ, ៦-ឈ្មោះ ពៅ វ៉ាគីម ភេទប្រុសអាយុ១៨ឆ្នាំ, ៧-ឈ្មោះ នី រដ្ឋា ហៅ ពីរ ភេទប្រុស អាយុ១៧ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមានៈម៉ូតូចំនួន០២គ្រឿង និងកាំបិតចំនួន០២ដើម។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ៕
Post a Comment