អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសេចក្តីថ្លែងការណ៍ស្តីពីការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រហ្វេសបុកផេកឈ្មោះ BDN TV Online...!
បន្ទាយមានជ័យ÷កាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានគេហទំព័រហ្វេសបុកផេកឈ្មោះ BDN TV Online បានធ្វើការផ្សព្វផ្សាយថា“តើពលរដ្ឋត្រូវស្វែងរកយុត្តិធម៌ដោយរបៀបណា?បើឪពុកម្តាយគាត់ជាប់ឃុំជាង ១ឆ្នាំមកហើយ ខណៈដែលសាលាឧទ្ធរណ៍មិនប្រគល់សាលាដីកា! ប្ដឹងសុំអន្តរាគមន៍មកក្រសួងយុត្តិធម៌តែគ្មានលទ្ធផល ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សំណុំរឿងព្រហ្មទណ្ឌលេខ ៣៨៩ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដែលមានជនជាប់ចោទឈ្មោះ ចេន ប៉ក់ និងប្រពន្ធឈ្មោះអ៊ុក សាវឿន ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ បើកសវនាការជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី២៧ ខ
កក្កដា ឆ្នាំ២០២៣ និងបានប្រកាសសាលក្រមនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
សាលក្រមលេខ ៣៧ “ញ”/៤០៧ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងពីរដូចតទៅ ៖១ផ្តន្ទាទោស-ក/-ឈ្មោះ ចេន ប៉ក់ ភេទប្រុស អាយុ៥៧ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ។ (ពីរ)
ខ/-ឈ្មោះ អ៊ុក សាវឿន ភេទស្រី អាយុ ៥៨ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ។ (ពីរ)ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីខកញ្ញា ឆ្នាំ២០១៥ រហូតដល់អំឡុងខែមីនា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤១០ មាត្រា ៤១១ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល។
សូមបញ្ជាក់ជូនថា ជនជាប់ចោទទាំងពីរខាងលើ ធ្លាប់ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០២ឆ្នាំ ដោយទោសនេះត្រូវព្យួរការអនុវត្តទោសធម្មតា តាមសាលក្រមព្រហ្មទណ្ឌលេខ៦២ (គ) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រាប់អង្គហេតុដែលបានកើតឡើងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។
ប៉ុន្តែក្រោយមក ជនជាប់ចោទទាំងពីរមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយនៅតែបន្តប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតទើបត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបើកការចោទប្រកាន់លើបទល្មើសដែលបានប្រព្រឹត្តកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ រហូតដល់អំឡុងខែមីនា ឆ្នាំ២០២២ និងបន្តនីតិវិធីរហូតដល់ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ។ ហេតុនេះ សាលក្រមព្រហ្មទណ្ឌលេខ ៦២ (គ) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ
២០១៨ និងសាលក្រមលេខ ៣៧ “ញ”/៤០៧ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គឺធ្វើការជំនុំជម្រះលើអង្គហេតុពីរផ្សេងគ្នា។
ក្រោយពីបានប្រកាសសាលក្រមដូចបានជម្រាបជូនខាងលើរួចមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជនជាប់ចោទទាំងពីរនាក់បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះហើយសាលាដំបូងខេត្តបន្ទាយមានជ័យក៏បានបញ្ជូនពាក្យបណ្ដឹងឧទ្ធរណ៍ និងសំណុំរឿងទៅកាន់សាលាឧទ្ធរណ៍បាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះការលើកឡើងនៅក្នុងការផ្សាយរបស់គេហទំព័រហ្វេសបុកផេកឈ្មោះ BDN TV Online ដោយសាច់ញាតិរបស់ជនជាប់ចោទ តុលាការមិនបានប្រគល់សាលក្រមឱ្យភាគីពាក់ព័ន្ធនោះ គឺជាការលើកឡើងមិនពិតដោយហេតុថា ជនជាប់ចោទមានមេធាវីការពារសិទ្ធិឱ្យខ្លួន ដូចនេះការស្នើសុំសាលក្រមអាចធ្វើឡើងតាមរយៈមធាវីការពារសិទ្ធិ។ ជាក់ស្ដែង ក្រឡាបញ្ជីនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រគល់សាលក្រមទៅឱ្យមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទរួចរាល់ ហើយមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ក៏បានបន្តការពារសិទ្ធិឱ្យជនជាប់ចោទបន្ដទៀតនៅដំណាក់កាលសាលាឧទ្ធរណ៍ផងដែរ។
ហេតុដូច្នេះ ការលើកឡើងថាមិនមានសាលក្រម ឬ មិនបានប្រគល់សាលក្រម គឺជាការលើកឡើងមិនពិត។
សាលាដំបូងខេត្តបន្ទាយមានជ័យ មានការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គហ
ទំព័រហ្វេសបុកផេកឈ្មោះ BDN TV Online ដែលធ្វើឡើងដោយមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិនបានសាកសួរមកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យជាមុនសិន។
ការផ្សាយព័ត៌មាននេះបានធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នសាលាដំបូងខេត្តបន្ទាយមានជ័យ។ ហេតុដូចនេះ គេហទំព័រហ្វេសបុកផេកឈ្មោះ BDN TV Online ត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះបន្តទៀត។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប។
Post a Comment