កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត...

 



(បន្ទាយមានជ័យ )÷ វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែវ ប៊ុនថាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងររបស់ជនរងគ្រោះឈ្មោះ ឡេង ហួរ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



    លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះស្តីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុងសិរីសោភ័ណ ដោយជនរងគ្រោះជាអ្នកលក់សាច់ជ្រូកនៅផ្សារចំការគ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានស្គាល់ជនសង្ស័យ និងទំនាក់ទំនងរកស៊ីជាមួយ ដោយជនរងគ្រោះបានប្រគល់ប្រាក់ថៃទៅឱ្យជនសង្ស័យចំនួន១៦៥,០០០បាត ទៅចំនួន២០០,០០០ ដើម្បីទិញសត្វជ្រូកពីប្រទេសថៃយកមកលក់បន្តនៅក្នុងខេត្តបន្ទាយមានជ័យ រាល់ការចំណេញចែកគ្នា។ នៅអំឡុងខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឱ្យជនសង្ស័យសរុបទឹកប្រាក់ចំនួន៣៧០,០០០បាត ដើម្បីទិញសត្វជ្រូកដូចរាល់ដង  តែជនសង្ស័យលក់ជ្រូកអស់ហើយ មិនឃើញយកប្រាក់មកប្រគល់ជនរងគ្រោះដូចរាល់ដង ជនសង្ស័យបានយកលេសដោះសារជាច្រើនលើក មិនព្រមដោះស្រាយរហូតដល់បច្ចុប្បន្ន។

    លោកបន្តថា ក្រោយពីទទួលពាក្យបណ្ដឹង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ការិយាជំនាញបានធ្វើលិខិតកោះហៅជនសង្ស័យឈ្មោះកែវ ប៊ុនថាន ដើម្បីឱ្យចូលមកឆ្លើយបំភ្លឺតាមនីតិវិធីចំនួន០១លើក ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានយកលិខិតកោះទៅដល់ផ្ទះរបស់ឈ្មោះ កែវ ប៊ុន ថាន ហើយសាមីខ្លួនបានផ្តិតស្នាមមេដៃទទួលនៅលើលិខិតកោះ។ហេីយនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ កែវ ប៊ុនថាន បានចូលខ្លួនមកឆ្លើយបំភ្លឺតាមលិខិតកោះហៅខាងលើ និងបានឆ្លើយសារភាពនូវទង្វើរដែលខ្លួនបានប្រព្រឹត្តដូចការប្ដឹងចោទប្រកាន់ខាងលើពិតប្រាកដមែន។ ដោយឃើញមានតម្រុយ និងពិរុទ្ធភាពនៃបទល្មើស ការិយាល័យជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ 

   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕


Powered by Blogger.