កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសំណើ ដើម្បីផ្អាកមុខតំណែង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ពាក់ព័ន្ធជម្លោះជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់....!
ភ្នំពេញ÷នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន
ចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្ដាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖
១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ”៕
Post a Comment