លោកសុខ លូ បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួម យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម
ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការអោយបានសកម្ម ជាមួយ អាជ្ញាធរមូលដ្ឋានក្នុង យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលនឹងចាប់អនុវត្តនាពេលខាងមុខ ក្នុងក្របខណ្ឌ ទូទាំង ខេត្តបាត់ដំបង សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ គឺធ្វើឡើងសម្រាប់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង តែម្ដង។
អភិបាលខេត្តបាទបន្តថា យុទ្ធនាការនេះ ក្នុងគោលបំណង សំខាន់បំផុតគឺ ដើម្បីកំណត់ឱ្យច្បាស់អំពីព្រំដីចំណីផ្លូវ ជៀសវាងមានការរំលោភបំពានដី ចំណីផ្លូវ និងពិសេសលើក កម្ពស់សម្រនៅតាមទីប្រជុំជន នឹងកាន់តែបង្កើនសម្រស់ស្រស់ស្អាត ក្លាយជាទីក្រុងបៃតង ផ្តល់នូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានិងស្នាក់ នៅ ខេត្តបាត់ដំបង កាន់តែច្រើនឡើងថែមទៀត។
អភិបាលខេត្តបាត់ដំបងអំពាវនាវយ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន៩៧គ្រួសារ នៅស្រុកបវេល។
លោក សុខ លូ បានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមាន ភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនិងផ្គររន្ទះ អាចបង្ករជាគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋ គ្រប់រូបមានការប្រុងប្រយ័ត្ន ឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូន ចៅតូចៗ ត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាព មិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។ ដោយឡែកប្រជាពលរដ្ឋ ដែលជួបនូវគ្រោះធម្មជាតិ សូមប្រញ៉ាប់រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការ ជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ដោយមិនទុកចោលប្រជា ពលរដ្ឋណាម្នាក់ឱ្យ នៅរងគ្រោះនោះឡើយ។
លោកសុខ លូ ក៏បានបន្តអំពាវនាវបន្ថែមដល់ ប្រជាពលរដ្ឋទូទៅ សូមមានការ ប្រុងប្រយ័ត្ន ជានិច្ច ចំពោះគ្រោះធម្មជាតិ ដែលតែងតែកើត មានឡើងដោយមិន មានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ ក្រសួងធន ធានទឹកនិងឧតុនិយម តែងតែបានចេញសេចក្តីជូនដំណឹង អំពីការព្យាករណ៍អាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ ដែលអាចកើតមាន ឡើងជាយថាហេតុផងដែរ។
លោកសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកក៏បានសំដែងនូវការសោកស្ដាយ ជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្ត រាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកប្រធានបានបន្តថាថ្វីត្បិតតែ អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹង ការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាក របស់បងប្អូនបានមួយគ្រាផងដែរ។ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន ៖អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១ កេស, មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ , ភួយ១ សារុង ១ ដោយឡែកប្រជាពលរដ្ឋរងគ្រោះរលំទាំងស្រុងនិងថែមសំពត់តង់មួយផងដែរ៕
Post a Comment