ពិធីប្រកាស ចូលកាន់មុចតំណែង ក្រុមប្រឹក្សា ស្រុកមង្គលបូរីអាណត្តិទី៤
ប្ដេជ្ញា ពង្រឹងនូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះគឺជាការប្ដេជ្ញាចិត្ត របស់លោក កែវ តុមដែលត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាស្រុកមង្គលបូរី និងសមាជិកក្រុមប្រឹក្សាចំនួន២០រូប សរុបចំនួន២១ រូបនាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីលោក រ័ដ្ធ ដាសុីណង់អភិបាលស្រុកមង្គលបូរី បានធ្វើសេចក្ដីរាយការណ៍សង្ខេបរួចមក ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទីប្រាំពីរ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតលើការពង្រឹងអភិបាល និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស័ក្ដិសមដើម្បីធានានិរន្តរភាពតួនាទីដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់នូវផលប្រយោជន៍ប្រជាជនជាធំព្រមជាមួយនឹងការកសាង និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ននិងចីរភាព។ ឯកឧត្ដមបានបន្តថា ទោះបីជាក្រុមប្រឹក្សា មិនមានតួនាទីនិងការទទួលខុសត្រូវផ្ទាល់លើការដឹកនាំគ្រប់គ្រងចាត់ចែងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមានភារៈកិច្ចតាមដានត្រួតពិនិត្យការអនុវត្តនូវសកម្មភាពរបស់រដ្ឋបាលស្រុករបស់ខ្លួនដើម្បីជំរុញក្នុងការធានាឲ្យមានសន្តិសុខស្ថិរភាពនិងសណ្ដាប់ធ្នាប់ល្អ។
Post a Comment