លោកឧកញ៉ា អុឹង វណ្ណម៉ៅត្រូវជាប់ឈ្មោះជាប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យអាណត្តិទី៣ ក្រោយពីធ្វើការបោះឆ្នោតមួយថ្ងៃពេញ...!


 




      បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យមើល ការៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មនៃអាណត្តិទី៣ លើកទី១ ដែលបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។



 ការបោះឆ្នោតនេះមានរយៈពេលពេញ ១ថ្ងៃ ចាប់ពីម៉ោង ៨:០០នាទីព្រឹករហូតដល់ម៉ោង ៣:០០រសៀល ក្រោមការចាត់ចែងត្រួតពិនិត្យរបស់គណៈកម្មការរៀបចំការបោះឆ្នោតក្រសួងពាណិជ្ជកម្មនៃមន្ទីរពាណិជ្ជកម្មខេត្ត។ 

       លោក ប៊ុក ឡាយជី ដែលជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ លើកទី១នេះ មានបេក្ខជនឈរឈ្មោះចំនួន ២០រូប ស្រីចំនួន ៦រូប ហើយអ្នកបោះឆ្នោតសុទ្ធសឹងជា អាជីវករ ពាណិជ្ជករ មកពីតាមបណ្ដា ស្រុក-ក្រុង ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោតសរុបចំនួន ៣៥៨នាក់។ 



តែជាក់ស្តែងពេលដែលមកចូលរួមបោះឆ្នោតនាថ្ងៃនេះ មានតែ ២៤៤នាក់តែប៉ុណ្ណោះ ហើយអាចយកជាការបានជាលទ្ធផលនៃការបោះឆ្នោតនេះបេក្ខជនឈរឈ្មោះទាំង២០រូប ត្រូវបានកំណត់យកតែ ១៤រូបបូកបន្ថែមសមាជិកចាស់ចំនួន ១រូបផងដែរ សរុបចំនួន ១៥រូប ហើយជាកិច្ចបន្តគណៈកម្មការរៀបចំការបោះឆ្នោតក៏បានបន្តនីតិវិធី ធ្វើការបោះឆ្នោតបន្តដើម្បី ជ្រើសរើសប្រធាន អនុប្រធាន ដើម្បីធ្វើការគ្រប់គ្រងដឹកនាំសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឲ្យមានភាពរលូនជោគជ័យ។




       ជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្ម ១០០% បានទៅលើលោកឧកញ៉ា អុឹង វណ្ណម៉ៅ និងអនុប្រធាន ៧រូបត្រូវឧកញ៉ា អុឹង វណ្ណម៉ៅ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការគ្នា មានគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ហើយក្នុងនាមលោកឧកញ៉ាដែលជាប្រធានសភាអាណត្តិទី៣ថ្មីនេះ បានកំណត់និងអនុវត្ត លើវិស័យអាទិភាពទាំងប្រាំពីរចំណុច សំខាន់រួមមាន វិស័យកសិកម្ម និងសិប្បកម្ម អចលនទ្រព្យនិងសំណង់ ការនាំចេញ នាំចូល ទំនាក់ទំនង ជាតិអន្តរជាតិ  រដ្ឋបាលនិងទីផ្សារទេសចរណ៍ និងបដិសណ្ឋារកិច្ច និងសម្របសម្រួលដោះស្រាយលើវិស័យឯកជនផ្សេងៗទៀត។



       ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ ដល់សមាជិកសភាពាណិជ្ជកម្មថ្មី ធ្វើយ៉ាងណារួមគ្នាសហការសាមគ្គីភាព ឲ្យកិច្ចការអ្វីៗ ត្រូវពិភាក្សាគ្នា កុំរិះគន់គ្នាទៅមើលបំណាំគ្នា ត្រូវមានគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ត្រូវស្និតស្នាល សហការជាមួយអាជ្ញាធរជាចាំបាច់ ទើបសភាពាណិជ្ជកម្មរបស់យើងទទួលបានភាពជោគជ័យ។






Powered by Blogger.