កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៨នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត...
(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង០៣និង២០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមមាន៖ ១-ឈ្មោះ ធឿន ធូ ហៅ ធូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),២-ឈ្មោះ យ៉ុង ចន្ថា ហៅ ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកទូបាញ់ត្រី ទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត),៣-ឈ្មោះ ជៀវ ពេជ្រវិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកទូបាញ់ត្រី ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត),៤-ឈ្មោះ សុខ អៀ ហៅ កុងអៀ ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាស់ជរា ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់),៥-ឈ្មោះ ភីន ភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកទូបាញ់ត្រី ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់),៦-ឈ្មោះ ញ៉ក់ វែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ប្រើប្រាស់),៧-ឈ្មោះ លន់ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់) ,៨-ឈ្មោះ លាង ដារ៉ូ ហៅ រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំង បានចាប់យកវត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៣៦កូនថង់កិប ទម្ងន់១១៧,៣០ក្រាម, -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិបពណ៌ខៀវ ស្មើនឹង២៥៤គ្រាប់ ទម្ងន់ ២៦,៥០ក្រាម, -ទូរស័ព្ទចំនួន០៣គ្រឿង, -កាំបិតកែច្នៃ ចំនួន០៤ដើម, -ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច ចំនួន០៥គ្រឿង, -គ្រឿងបន្លាស់អេក្រង់ ចំនួន០៤គ្រឿង, -ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកម្លាំងបានទទួលព័ត៌មានថា នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន. និងករណីផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលេី ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមានអនីតិជនម្នាក់(អាយុ១៣ឆ្នាំ) និងកម្លាំងបានធ្វើការឆែកឆេរនៅចំណុចទីតាំងខាងលើ ឆែកឆេររកឃើញមានវត្ថុតាងគ្រឿងញៀន ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជនសង្ស័យចំនួន០៨នាក់ ជាលទ្ធផលវិជ្ជមាន(+)ចំនួន០៦នាក់ និងអវិជ្ជមាន(-) ចំនួន០២នាក់។ ចំពោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ដោយមានការអនុញ្ញាតពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនខ្លួនមកដើម្បីធ្វើការសាកសួរនៅស្ថានប័នអយ្យការ។ ចំណែកឈ្មោះ យឹង វីរៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត អ្នកជួលទីតាំងបើកល្បែងស៊ីសងទូរហ្គេមបាញ់ត្រីរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
Post a Comment