ជនរងគ្រោះជាពូថ្លៃដើរមកដកភ្លើងនៅក្នុងខ្ទមរបស់ខ្លួនជនសង្ស័យទាញពូថៅកាប់បណ្ដាលរងរបួសត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន...!

 





  (បន្ទាយមានជ័យ )÷នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ស្ថានទម្ងន់ទោសទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់។



ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គឹមលី(សាម៉ន,ម៉ោន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ប៉ែល (សុង ហេង) ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា នៅវេលាកេីតហេតុជនសង្ស័យបានធ្វើសកម្មភាពយកពូថៅដងឈើកាប់ទៅជនរងគ្រោះ(ត្រូវជាពូសាច់ថ្លៃ) បណ្តាលឱ្យរងរបួសចំស្មាខាងស្តាំចំនួន០១កន្លែង ដេរចំនួន០៣ថ្នេដោយសារខឹងជនរងគ្រោះដើរមកដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យតែម្តងព្រមទាំងចាប់យកវត្ថុតាង ពូថៅដងឈើ ប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម, ដែកក្រង៉ាវ ប្រហែវ៣៧សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន។

     ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។







 
Powered by Blogger.