កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា...
(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទន់ ចន្ធី ហៅអាង៉ោល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ១.ពូថៅដងដែក ប្រវែង៦៥សង់ទីម៉ែត្រចំនួន០១ដើម។ ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ផ្លាកលេខភ្នំពេញ 1IC-0094 ចំនួន០១គ្រឿង។ ការឃាត់ខ្លួនជនសង្ស័យធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ពេជ្រ មុន្នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះគឺជាសន្តិសុខយាមនៅកាស៊ីណូនាគទិព្វ ពេលដែលជនរងគ្រោះកំពុងបំពេញការងារ ស្រាប់តែមានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកប្រាប់ថាចង់រកកន្លែងបញ្ចាំម៉ូតូ ពេលនោះសន្តិសុខយាមនៅកាស៊ីណូប្រាប់ថា ម៉ូតូនេះចាស់ហើយដាក់បញ្ចាំមិនបានប្រាក់ច្រើនទេ។ ស្រាប់តែជនសង្ស័យខឹង ហើយនិយាយថាកុំឱ្យរូបគេឃើញខ្លួននៅខាងក្រៅ ហើយរូបគេក៏ជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយស្រាប់តែជនសង្ស័យបានជិះម៉ូតូត្រឡប់មកវិញមានគ្នា០២នាក់ ដោយម្នាក់កាន់ពូថៅ និងម្នាក់កាន់ខ្សែក្រវ៉ាត់ ស្ទុះមកដេញកាប់ និងវាយខ្លួនតែខ្លួនបានគេចផុត។ ក្រោយពីទទួលបានបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តការនិងធ្វើការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទន់ ចន្នី ព្រមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពដេញកាប់និងវាយជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
Post a Comment