នគរបាលរដ្ឋបាលប៉ុស្តិ៍ម្កាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា!
បន្ទាយមានជ័យ÷នគរបាលក្រុងសិរីសោភ័ណ្ឌធ្វើការបញ្ជូនខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីបន្ទាប់ពីពួកគេធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសនិងនាំគ្នាជិះម៉ូតូដេញតាមវាយជនរងគ្រោះបន្ថែមទៀតតែត្រូវបានជនរងគ្រោះជិះគេចសម្ងំលាក់ខ្លួនក្រោយមកគាត់ក៏បានដាក់ពាក្យបណ្ដឹងហើយសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់នឹងម្នាក់ទៀតកំពុងរត់គេចខ្លួន។
លោកវរសេនីយ៍ឯកស៊ីឌីអធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា÷ករណីហិង្សាដោយចេតនា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០ ២៤ វេលាម៉ោង ១៣និង៣០នាទី នៅត្រង់ ចំណុចផ្លូវបេតុក្នុងភូមិក្បាលស្ពាន សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ មានករណី ហិង្សា ដោយចេតនា ១បង្កដោយ ក្មេងទំនើង១ក្រុមមានគ្នាចំនួន០៣នាក់ ដូចខាងក្រោម៖
១-ឈ្មោះ វុទ្ធី សាគិ ភេទ ប្រុស អាយុ.១៨ ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់(ឃាត់ខ្លួន)។
២-ឈ្មោះ ប៊ុនណា រ័ត្ឋ (ហៅចេម)ភេទប្រុស អាយុ.១៦ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់(ឃាត់ខ្លួន)។
៣- ឈ្មោះ ហាក់ គឹមហាំង ហៅតុយ ភេទប្រុស អាយុ. ១៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាតម្កាក់(មានកាន់កាំបិតវែងចុងស្រួច និងដុំថ្មគប់ទៅលើជនរងគ្រោះ)។
អ្នកទាំង ៣នាក់ខាងលើ បានធ្វើសកម្មភាព យកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ តឹក ជាហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន សង្កាត់ម្កាក់ បណ្ដាលឲ្យរងរបួស ត្រូវចំកែងដៃស្ដាំហើម(ស្រាល)។បន្ទាប់មកជនរងគ្រោះបានជិះរត់គេចស្រាប់តែឈ្មោះ សាគិ បានតាមវ៉ៃ តែមិនត្រូវ ហើយជនរងគ្រោះ ក៏ជិះម៉ូតូរត់ទៅផ្ទះពុកធម៌នៅភូមិ ពង្រ សង្កាត់កំពង់ស្វាយ។ក្រោយមកមិត្តភ័ក្តិឈ្មោះខេន សុនី ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ បានឌុបត្រឡប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលម្កាក់វិញ។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងប៉ុស្ដិ៍បានស្រាវជ្រាវ និងឃាត់ជនសង្ស័យបាន ១នាក់ ឈ្មោះ វុទ្ធី សាគិ ភេទប្រុស មកសាកសួរ នៅប៉ុស្តិនគរបាលម្កាក់។ជនសង្ស័យបានសារភាពថា ខ្លួន និងបក្សពួកមានឈ្មោះរៀបរាប់ខាងលើ ពិតជាបានប្រព្រឹត្តិ នូវសកម្មភាពដូចខាងលើប្រាកដមែន។ ចំនែកបក្ខពួកគេ១នាក់ទៀតគេចខ្លួន កម្លាំងប៉ុស្តិ៍ និងជំនាញកំពុងតាមរកបន្ត។
ទោះជាយ៉ាងណានៅរសៀលថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២៤ នេះសមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ។
Post a Comment