នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការបំភ្លឺករណីជនស៉ីវិល ពាក់កាតដែលមានសញ្ញានគរបាលព្រហ្មទណ្ឌ ពាក់ព័ន្ធករណីឃាត់មនុស្សនៅខណ្ឌសែនសុខ

 


នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនស្លៀកស៉ីវិលមួយក្រុម (២នាក់ពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ) ឃាត់មនុស្សមួយក្រុម។

ក្រោយឃើញបាតុភាពនៃការចែកចាយតាមបណ្ដាញសង្គម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានបានធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់ និងរកឃើញថា៖

ក្នុងចំណោមជនស៉ីវិលទាំងនោះមានម្នាក់ មន្ដ្រីនគរបាលរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (មិនមានក្នុងរូប) ដែលនៅពេលនេះនាយកដ្ឋានកំពុងធ្វើការសួរនាំតាមនីតិវិធីជំនាញ។ ប៉ុន្ដែមនុស្ស២នាក់ផ្សេងទៀត ដែលពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ មិនមែនជាមន្ដ្រីនគរបាលបម្រើការងារនៅនាយកដ្ឋានឡើយ។

ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្វែករកអ្នកពាក់ព័ន្ធ ព្រមទាំងដើមចមនៃហេតុការណ៍នេះ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានពីសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់៕



Powered by Blogger.