រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីកត្តាចំនួន៤ ដើម្បីឱ្យសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សា
ខេត្តសៀមរាប÷ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញស្តង់ដាសាលារៀនគំរូសម្រាប់ មត្តេយ្យសិក្សា ដោយផ្ដោតទៅលើការអប់រំកុមារតូច ដែលផ្ដល់ឱកាសដល់កុមារឱ្យទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសអភិវឌ្ឍន៍បំណិនសង្គម និងពង្រឹងអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ ជាពិសេសកម្រិតមតេ្តយ្យសិក្សា គឺជាស្ពានដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់បឋមសិក្សា។
ជាមួយគ្នានោះ នៅកម្រិតបឋមសិក្សា ក្រសួងផ្ដោតលើការលើកកម្ពស់កញ្ចប់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីក្រោមទៅលើ។ សម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ក្រសួងបានកំណត់ស្តង់ដាចំនួន ៥ ដែលផ្ដោតលើ ៖ ១).លទ្ធផលការសិក្សារបស់សិស្ស ២). ការបង្រៀននិងរៀន ៣). ការចូលរួមរបស់សហគមន៍ ៤).ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង៥). គណនេយ្យភាពរបស់សាលារៀន។
នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាចំនួន៤ សំខាន់ដើម្បីឱ្យសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សា ក្នុងនោះរួមមាន៖ (១). សាលារៀន៖ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ផាសុកភាព និងមានកម្មវិធីសិក្សាល្អ (២). គ្រូបង្រៀន៖ គ្រូដែលមានសមត្ថភាពក្នុងការបង្រៀន និងស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន (៣). សិស្សានុសិស្ស៖ ដែលមានភាពឧស្សាហ៍ព្យាយាមបំពេញកិច្ចការសាលា និងការគាំទ្រគ្រប់គ្រាន់ពីបរិស្ថានខាងក្រៅ (៤). មាតាបិតា អ្នកអាណាព្យាបាល៖ ការគាំទ្រ និងទំនុកចិត្តទៅលើវិស័យអប់រំរបស់មាតាបិតា អ្នកអាណាព្យាបាល គឺសំខាន់ខ្លាំងណាស់ ក្នុងដំណើរសិក្សារបស់សិស្សានុសិស្សទាំងអស់ ដូចពាក្យថា "ដើម្បីឱ្យសិស្សខ្លាំង ត្រូវមានគ្រូខ្លាំង និងមានការគាំទ្រខ្លាំងពីឪពុកម្ដាយ អ្នកអាណាព្យាបាល"។
សូមបញ្ជាក់ជូនថា ខេត្តសៀមរាបមានចំនួនសាលាគំរូច្រើនជាងគេ ដែលធ្វើឱ្យខេត្តសៀមរាបជាខេត្តគំរូមួយ ចូលទៅក្នុងលំដាប់ខេត្តចំនួន៥ ដែលមានសាលារៀនគំរូច្រើនជាងគេនៅក្នុងឆ្នាំ២០២៤។ ការសម្រេចបានស្តង់ដាសាលាគំរូនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមានការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ជាពិសេសក៏មានការខំប្រឹងប្រែងរបស់សិស្សានុសិស្សផងដែរ៕
Post a Comment