លោក បោន ប៊ិន អញ្ជេីញជាអធិបតីភាពក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត...

 



(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានអញ្ជេីញជាអធិបតីភាព ក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ប្រារព្ធឡេីងនៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

     ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លាក-លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិការ យុវជនបក្សសង្កាត់ សរុបចំនួន២៣០នាក់។

     តំណាងយុវជនគណបក្សសង្កាត់ ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយបន្តគាំទ្រ ការពារ និងលើកកម្ពស់ តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ នៅគ្រប់ដំណាក់កាល, ប្តេជ្ញ ! បន្តអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ, ប្តេជ្ញា! ប្រែក្លាយលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យក្លាយ ទៅជាជ័យជម្នះ ធំធេងថែមទៀត របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០២៨, បន្តគាំទ្រ ការអនុវត្តម៉ឹងម៉ាត់ ដំណើរការកែទម្រង់តាមអភិក្រម * ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតី ឯករាជ្យ និងប្តេជ្ញា! ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោបាយ មិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត ។

    ក្នុងឱកាសនោះ លោក បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួសុខទុក្ខពីសំណាក់ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់សមាជិក-សមាជិការដោយក្តីនឹករលឹកផងដែរ។

    ជាមួយគ្នានោះលោកក៏បានលេីកឡេីងថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ- សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។

     លោក បោន ប៊ិន បញ្ជាក់ថា ក្នុងរយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេសបានផ្តួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។

    សូមបញ្ជាក់ផងដែរថា ចំពោះសមាជិក-សមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន មី១កេសតូច , សារ៉ុង១ , អាវកីឡកំប្លេ រួមនឹងថវិក៥ម៉ឺនរៀល៕








Powered by Blogger.