វត្តដំណាក់ ក្រុងសៀមរាប ធ្វើការបំបួសកុលបុត្រជាង ៤០រូបជាភិក្ខុភាវៈ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរចិរកាលទៅមុខ

 



កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ព្រះគ្រូចៅអធិកា គណៈកម្មការ អាចារ្យវត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុសលបុត្រចំនួន ៤៤ភិក្ខុភាវៈ ដើម្បីជាការចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាយើងឲ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។



ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប មានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា "បួសនេនសងគុណម៉ែ បួសភិក្ខុសងគុណឪ " ហើយកុលបុត្រដែលបួសនេន គឺអាចមានអាយុចាប់ពី៧ឆ្នាំ ដល់ក្រោម២០ឆ្នាំ។ រីឯកុលបុត្រដែលបួសភិក្ខុ គឺមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។ ដូចនេះកុលបុត្រខ្មែរដែលសម្រេចចិត្តចូលបួសទាំងពីសម័យដើម និងបច្ចុប្បន្នក៏មានគោលបំណងមួយដូចគ្នា ប៉ុន្តែអត្ថន័យនៃការបួសក្នុងសម័យពុទ្ធកាល គឺបួសដើម្បីរលាស់ខ្លួនចេញចាកទុក្ខ ពោលគឺបួសដោយមានសទ្ធាជ្រះថ្លាជាទីតាំង បានន័យថា អ្នកដែលចូលទៅបួស គឺបានយល់អំពីអត្ថន័យនៃធម៌ និងវិន័យច្បាស់លាស់ កើតចិត្តនឿយណាយ នឹងជីវិតជាអ្នកគ្រប់គ្រងផ្ទះ ក៏សម្រេចចិត្តចូលបួសដើម្បីស្វែងរកផ្លូវសុខស្ងប់សម្រាប់ជីវិត។



ព្រះអង្គមានថេរដីការទៀតថា ចំពោះការបួសក្នុងពេលបច្ចុប្បន្នវិញ មានការខុសប្លែកខ្លះៗ ព្រោះកុលបុត្រដែលចូលមកបួសខ្លះ មិនទានបានយល់ដឹងធម៌វិន័យអ្វីទេ គ្រាន់តែមានសទ្ធាជ្រះថ្លាចង់បួស ដើម្បីសិក្សាឈ្វេងយល់បន្ថែម អ្នកខ្លះទៀតបួសដើម្បីកែប្រែចិត្តគំនិត ឥរិយាបថព្រោះខ្លួនបានដើរក្នុងផ្លូវខុសច្រើនចង់កែខ្លួនឱ្យល្អវិញ និងអ្នកខ្លះទៀត ដោយមានការជំរុញពីឪពុកម្តាយ ព្រមទាំងអ្នកខ្លះជាក្មេងឥតទីពឹង គឺបួសដើម្បីបានទីពឹង និងដើម្បីសិក្សារៀនសូត្រសន្សំឧបនិស្ស័យក្នុងពុទ្ធសាសនា។ ជារួមមកមិនថាបួសក្នុងលក្ខណៈអ្វីទេ ក៏ការបួសនេះ គឺពិតជាបានជួបទ្រទ្រង់ពុទ្ធសាសនាឱ្យគង់វង្ស និងស្ថិតស្ថេរយូរអង្វែង។ ចំណែកឪពុកម្តាយ បងប្អូនញាតិមិត្តដែលបានគាំទ្រការបួសនេះ ក៏បានបុណ្យ បានកុសល ជាទ្រព្យដ៌ប្រសើរសម្រាប់ជីវិត និងជាការភ្ជាប់និស្ស័យក្នុងពុទ្ធសាសនាផងដែរ៕









Powered by Blogger.