ការចុះជួយវិទ្យាល័យធនធានលើការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងសាលារៀននិងសហគមន៍មូលដ្ឋាន ក្នុងក្របខណ្ឌនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ




កំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ បានចុះជួយគាំទ្រវិទ្យាល័យធនធានទាំង២ ក្នុងខេត្តកំពង់ឆ្នាំង លើការអនុវត្តសូចនាករពាក់ព័ន្ធនឹងកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងសាលារៀន និងសហគមន៍មូលដ្ឋាន ក្នុងក្របខណ្ឌនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដោយមានការចូលរួមពីតំណាងការិយាល័យ អយក ស្រុក ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រង បុគ្គលិកអប់រំ ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និងគ្រូប្រឹក្សាតាមសាលារៀននៃវិទ្យាល័យហ៊ុនសែនបរិបូណ៌ សរុបចំនួន ២២នាក់ ស្រី ០៦នាក់ និងសិស្សថ្នាក់ទី១២ សរុប ៦៧នាក់ ស្រី ៤៨នាក់, វិទ្យាល័យព្រះបាទសុរាម្រឹត សរុបចំនួន ២២ ស្រី ០៩នាក់ និងសិស្សថ្នាក់ទី១២ សរុប ២៩នាក់ ស្រី ១៩នាក់។




ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានលើកឡើងអំពីការដាក់ចេញនូវវិធានការណ៍គន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាលផ្ដោតលើ៖ (១) ការពង្រឹងអភិបាលកិច្ចសាលារៀន (២)ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស (៣)ការយកចិត្តទុកដាក់លើសុខភាពសិក្សាសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង (៤) ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានបន្ដលើកឡើងអំពីក្របខណ្ឌនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដោយរំលេចឡើងនូវលទ្ធផលរង្វាយតម្លៃបឋមរបស់ក្រុមការងារអធិការកិច្ចអប់រំ ដែលបានចុះធ្វើអធិការកិច្ចនៅវិទ្យាល័យធនធានទាំង២នាពេលកន្លងមក ព្រមទាំងផ្ដល់អនុសាសន៍គន្លឹះដល់សាលារៀនឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងសូចនាករប្រសិទ្ធភាពផ្ទៃក្នុងរបស់សាលារៀនដូចជា អត្រាចុះឈ្មោះចូលរៀន អត្រាសិស្សឡើងថ្នាក់-ត្រួតថ្នាក់ អត្រាសិស្សបោះបង់ និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសការបើកថ្នាក់បំប៉នបន្ថែមដើម្បីសម្រិតសម្រាំងដណ្ដើមយកជ័យលាភីសិស្សនិទ្ទេស A ក្នុងសម័យប្រឡងខាងមុខ។។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជាអ្នកអប់រំប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពផ្ទៃក្នុងសាលារៀន និងប្ដេជ្ញាសម្រេចឱ្យបាននូវការប្រែក្លាយវិទ្យាល័យធនធានទាំង២ក្នុងខេត្តកំពង់ឆ្នាំង ជាសាលារៀនគំរូ នាពេលខាងមុខ។




បន្ទាប់មក តំណាងវិទ្យាល័យគោលដៅទាំង២ បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងការអនុវត្តកម្មវិធីបន្ថែមក្រៅម៉ោងសិក្សា។ ជាមួយគ្នានេះ ក្រុមការងារពីនាយកដ្ឋានជំនាញ បានធ្វើបទបង្ហាញអំពីសូចនាករទាំង ១៣ នៃស្ដង់ដាទាំង៥ ដែលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា កម្មវិធីសិក្សាបន្ថែមក្រៅម៉ោងសិក្សា និងសកម្មភាពភាពជាដៃគូរវាងសាលារៀន និងសហគមន៍មូលដ្ឋាន ជូនដល់សមាជិកចូលរួមក្នុងកម្មវិធី បានទទួលជ្រាប និងសិក្សាស្វែងយល់ ព្រមទាំងផ្ដល់ការអប់រំតម្រង់ទិសសិស្សថ្នាក់ទី១២អំពីការត្រៀមលក្ខណៈសម្បត្តិប្រឡងយកនិទ្ទេស A ក្នុងសម័យប្រឡងនាពេលខេងមុខ ភ្ជាប់នឹងបទបង្ហាញស្ដីពីមាគ៌ាឆ្ពោះទៅការជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សា។




គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូគ្រប់កម្រិតភូមិសិក្សា រួមមាន មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងវិធានការគន្លឹះទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ។ ស្ដង់ដាសាលារៀនគំរូនេះ ត្រូវបានរៀបចំឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈការកសាងមូលធនមនុស្ស និងសង្គមពុទ្ធិ៕




Powered by Blogger.