ពិធីប្រគល់ផ្ទះជូនគ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រីអាយុ ២១ឆ្នាំ ស្ថិតនៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ


 



បន្ទាយមានជ័យ÷នារសៀលថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤នេះឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនិងក្រុមការងារបានរៀបចំពិធីប្រគល់ផ្ទះជូនគ្រួសារក្រីក្រមួយគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នាពេលកន្លងមក។




    ដោយពិនិត្យឃើញពីភាពជាក់ស្ដែងរបស់គ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រីអាយុ ២១ឆ្នាំ ប្ដីឈ្មោះ គៀង មួន អាយុ ២១ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយផ្ទះរបស់គាត់រងគ្រោះដោយខ្យល់កន្ត្រាក់ រលំទាំងស្រុង កន្លងទៅថ្មីៗនេះ ត្រូវបានសាខាកាកបាទក្រហមខេត្ត បានធ្វើការសាងសង់ផ្ទះជូនគាត់ ១ខ្នង ដោយមានទំហំបណ្ដោយ ៦ម៉ែត្រនិងទទឹង ៤ម៉ែត្រ កំពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានចាក់សាបផ្ទះតៀម ចំណាយថវិកាអស់ចំនួន ២,១៧២ដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីប្រគល់ផ្ទះ ១ខ្នងនេះជូនគាត់ តែម្ដង។


    


  លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហម បានឱ្យដឹងថា ផ្ទះថ្មីនេះគឺជាផ្ទះមនុស្សធម៌ទី ១៤ របស់សាខាដែលមានលក្ខណៈសមរម្យ រឹងមាំ ហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌។
       ថ្លែងនេះឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ថវិកាទាំងអស់ដែលបានយកមកសាងសង់ផ្ទះជូនបងប្អូនគ្រួសារក្រីក្រនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បានផ្ដល់នូវថវិកាក្នុងឱកាសអបអរសាទរខួបលើកទី ១១៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ "រួមគ្នាជាមួយកាកបាទក្រហម ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ"។
       ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា កាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរ សាធារណៈក្នុងវិស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយ ពោលគឺពឹងផ្អែកទាំងស្រុងពីការចូលរួមបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមាន ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ពាណិជ្ជករ អាជីវករ វិស័យឯកជនផ្សេងៗ ដែលតែងតែមានសមានចិត្ត និងឧត្តមគតិខ្ពស់ បានបរិច្ចាគថវិកាសម្ភារៈជូនដល់សាខាកាកបាទក្រហមខេត្ត តាមរយៈការអំពាវនាវដើម្បីកៀងគរថវិកា សម្រាប់ធ្វើជាទុនក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយជនរងគ្រោះ ងាយរងគ្រោះ និងទីទាល់ក្រប្រកបដោយបរិយាបន្ន ជាក់ស្ដែងប្រភពចំណូលដែលសាខាទទួលបាននាឆ្នាំ ២០២៤ កន្លងមកថ្មីៗនេះគឺប្រមាណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច។
       ក្រៅពីប្រគល់ផ្ទះជូនដល់លោកស្រី ពួត ស្រីផៃ ក៏មានសម្ភារៈអំណោយមួយចំនួនផ្ដល់ជូនបន្ថែមរួមមាន អង្ករ ត្រីខ មី ទឹកត្រី មុង ភួយ សារុង ក្រមា ទឹកសុទ្ធ ឆ្នាំង ចានបាយ ស្លាបព្រា កន្ទេលជ័រ ក្នុងនោះសម្រាប់ទារករួមមាន មុង កែបកូនង៉ា ក្រមាពោះគោ ខោអាវកូនង៉ា ស្រោមដៃ ទឹហ្វីរ៉ាប់ ក្រណាត់សើម ខោទឹកនោម ម្សៅលាបខ្លួន សាប៊ូកក់សក់ និងទឹកដោះគោឆៅ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋចូលរួម ម្នាក់ៗទទួលបានឃិត ១កញ្ចប់។










Powered by Blogger.