លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានអមដំណើរ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំពេញដំណើរទស្សកិច្ចសិក្សា និងផ្សព្វផ្សាយសមិទ្ធិផលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងសហការី បានអមដំណើរ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំពេញដំណើរទស្សកិច្ចសិក្សា និងផ្សព្វផ្សាយសមិទ្ធិផលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ គូសបញ្ជាក់ផងដែរថាការចុះបំពេញទស្សនកិច្ចសិក្សានេះ មានគាំទ្រដោយអង្គការយូនីដូ (UNIDO) ការចួលរួមពីសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា (EU) ស្ថាប័នអ្នកសារព័ត៍មាន ២១ស្ថាប័ន និងអ្នកដែលមានសក្តានុពលលើបណ្តាញសង្គមសរុបប្រមាណ ៦៥រូប។
នៅរាជធានីភ្នំពេញៈ ប្រតិភូបានបំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន (១). ក្រុមហ៊ុន Confirel ដែលធ្វើកែច្នៃម្ស៉ៅប្រហុក ដែលមានរសជាតិផ្សេងៗគ្នា និងផលិតផលកសិកម្មផ្សេងទៀតដូចជាម្រេចជាដើម និង(២)សិប្បកម្មកែច្នៃយូនីកា (UNICA) ធ្វើការកែច្នៃប្រភេទផលិតផល ត្រីងៀតពិសេស (ត្រីរ៉ស និងត្រីអណ្តែង) ត្រីប្រាហើម ត្រីប្រាហិរ ប្រហុក(ត្រីរៀល ត្រីកំភ្លាញ) និងត្រីចំណិត (រសជាតិហិរ និងរសជាតិខ្ញី)។ ក្នុងនាមនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងជួយសិប្បកម្មនេះ លើបច្ចេកទេសកែច្នៃដែលសមស្របដើម្បីអភិវឌ្ឍផលិតផលផ្សេងៗពីត្រីទឹកសាប និងនិរន្តភាពទីផ្សារដែលប្រើប្រាស់យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងអភិក្រម4Ps (ផលិតករ វិស័យឯកជន រដ្ឋ និងដៃគូអភិវឌ្ឍន៍)។
នៅខេត្តកោះកុង ប្រតិភូបានបំពេញទស្សនកិច្ចសិក្សានៅ សិប្បកម្ម វង្ស តារា ដែលធ្វើការចិញ្ចឹម និងកែច្នៃគ្រុំចំពុះទា និងកែច្នៃបង្គាក្រៀម។ គ្រុំចំពុះទា ត្រូវបានធ្វើការកែច្នៃ (គ្រុំសំងួតសម្រាប់ដាក់ក្នុងនំភីស្សា) និងចម្អិនជាម្ហូបផ្សេងៗដូចជា គ្រុំអាំង គ្រុំបំពង ញ៉ាំគ្រុំ សម្លរកែង សម្លរគិរី ។ល។ ក្នុងនាមនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងជួយសិប្បកម្មនេះ ដើម្បីធ្វើការស្រាវជ្រាវបន្ថែមនូវបច្ចេកទេសកែច្នៃដែលសមស្របដើម្បីអភិវឌ្ឍផលិតផលផ្សេងៗពីគ្រុំ ជាពិសេសផលិតផលភីស្សា ដែលជាផលិតផលមួយពេញនិយមដែលកន្លងមកប្រើប្រាស់គ្រុំនាំចូល និងការផ្គូរផ្គងទីផ្សារ។
នៅខេត្តព្រះសីហនុ ប្រតិភូបានបំពេញទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ដោយបានបង្កាតពូជត្រីសមុទ្រ ក្តាមសេះ និងក្តាមថ្មជាដើម។
Post a Comment