ពិធីប្រគល់ផ្ទះជូនជនមានពិការភាពក្រីក្រ១គ្រួសារ និងចែកអំណោយជូនជនមានពិការភាពក្រីក្រ ២០នាក់ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី 20 ខែ សីហា ឆ្នាំ 2024នេះឯកឧត្តម ជា សុមេធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមទាំងប្រតិភូ អមដំណើរ ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្បន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះជូនជនមានពីការភាពក្រីក្រមួយគ្រួសារ និងជួបសំណេះសំណាលជាមួយបងប្អូនជនមានពីការភាពក្រីក្រ20គ្រួសារទៀតនៅ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ផ្ទះមួយខ្នងដែលមានទំហំ ៤ ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសី ដោយប្រើប្រាស់ថវិកាអស់ ២០លានរៀលត្រូវបានប្រគល់ជូនគ្រួសារជនមានពិការភាពមានឈ្មោះ តឺយ ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនមានពិការភាពភ្នែកពីកំណើត សព្វថ្ងៃរស់នៅជាមួយប្រពន្ធក៏មានពិការភាពភ្នែកទាំង សងខាងដែរ និងកូនប្រុស២នាក់ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា កន្លងមកគ្រួសារមួយនេះមិនមានផ្ទះទេ ដោយរស់នៅក្នុងផ្ទះជួល១កន្លែង ក្នុងក្រុងសិរីសោភ័ណ ដោយប្រើប្រាស់ជាកន្លែងស្នាក់នៅផង និងជាទីតាំងប្រកបរបរចាប់សរសៃផងសម្រាប់ចិញ្ចឹមជីវិតផងហើយតាមរយៈការ ស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដូច្នេះក៏បានសម្រេចផ្តល់ការសាងសង់ផ្ទះ ជូនគាត់តែម្តង។
ហើយជាមួយគ្នានេះ ឯកឧត្តមគណៈអធិបតី ក៏បានផ្ដល់ជូនរទេះរុញចំនួន 4 គ្រឿង ដល់គ្រួសារដែលមានពិការភាពចាស់ជរានិងកុមារ ព្រមទាំងបានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគដល់ជនពិការទាំង២០នាក់ ម្នាក់ៗ ទទួលបានអង្ករមួយការ៉ុង មីមួយកេស ត្រីខមួយជួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ អំបិល 1 គីឡូក្រាម ស្ករស ១ គីឡូក្រាម និងថវិកា 5 ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រយៈពេលកន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានផ្ដល់បណ្ណសមធម៌កញ្ចប់សង្គ្រោះបន្ទាន់ពីមូលនិធិជនពិការ ជូនដល់បងប្អូនដែលមានពិការភាព និងបាន បើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមួយចំនួនជូនដល់បងប្អូនជនមានពិការភាព ដើម្បីយកមកប្រកបរបរចិញ្ចឹមជីវិត។
ជាក់ស្តែងការសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រតាមសហគមន៍ ជាការងារ អាទិភាពមួយរបស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់ លើការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព ពិសេសទទួលបានទីជម្រកសមរម្យ៕
Post a Comment