ក្រសួងព័ត៌មានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប...!

 



សៀមរាប÷នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះនៅសាលប្រជុំសាលាខេត្តសៀមរាបបានប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាបក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប នឹងក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានក្នុងខេត្ត សំដៅបង្កើនការយកចិត្តទុកដាក់ គោរពឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។  



  ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង ភ្នាក់ងារអ្នកសារព័ត៌មានក្នុងខេត្ត ប្រមាណ ជាង២០០នាក់ចូលរួម ។




ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម 

 ជា ច័ន្ទបរិបូរណ៍  លើកឡើងថា នេះជាលើកដំបូងបំផុតដែលក្រសួងព័ត៌មាន បានយកគោលដៅខេត្តសៀមរាប ធ្វើជាកន្លែងផ្សព្វផ្សាយក្រមវិជ្ជាជីវៈសារព័ត៌មាននេះ។

 ឯកឧត្តម ថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានដាក់ឲ្យប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន។

 ឯកឧត្តមបន្តថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយមនុស្សគ្រប់រូបក៏សុទ្ធតែជាអ្នកព័ត៌មានផងដែរ ។ 




ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន  គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានកិត្តិយស មានសេចក្តីថ្លៃថ្នូ ។ 

ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។  ជាមួយនឹងការគោរពនូវធម្មនុញ្ញវិជ្ជាជីវៈនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតនិងមានប្រភពច្បាស់លាស់ ចៀសវៀងចំពោះការផ្សាយព័ត៌មានទាំងឡាយណាដែលមិនច្បាស់លាស់ ដែលអាចនាំឲ្យបង្កជាចលាចលសង្គម។ 



អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានសម្តែងនូវការកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្តក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលមានខ្លឹមសារល្អ ក៏ដូចជាបានជួយផ្សព្វផ្សាយអំពីឆ្នាំទស្សនាសៀមរាប ២០២៤ផងដែរ ។ លោកក៏បានលើកឡើងថា រាល់ខ្លឹមសារនៃសារព័ត៌មាន ដែល បងប្អូនធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានវិទ្យា គឺមួយចំនួនជាវិជ្ជមាន និង មួយចំនួនតូចអវិជ្ជមាន ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ ដែលបង្កនូវភាពអវិជ្ជមាននៅក្នុងសង្គមជាតិ ។ កត្តាសំខាន់នោះ ដោយខេត្តសៀមរាប ជាតំបន់ប៉ូល ទេសចរ ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ខេត្តសៀមរាប ពឹងផ្អែកលើវិស័យទេសចរ  ហើយចុងប៉ាការបស់សារព័ត៌មានបានផ្សព្វផ្សាយពីអវិជ្ជមាននោះ នឹងធ្វើឲ្យបាត់បង់ភ្ញៀវទេសចរពីខេត្តសៀមរាប  ។



យោងតាមរបាយការណ៍ស្វាគមន៍ របស់លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។ ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ 



ក្នុងនោះដែរ មន្ទីរព័ត៌មានខេត្ត បានចូលរួមយ៉ាងសកម្មលើការផ្សព្វផ្សាយ និងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធក្នុងវិស័យព័ត៌មាន ធ្វើយ៉ាងណាឱ្យអ្នកស្ដាប់ និងទស្សនិកជនទទួលបានដំណឹងព័ត៌មានពិតនិងល្អៗ ពីខេត្តសៀមរាប សំដៅបង្កើនប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។



 បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែកមន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន ។ លោក សេង ផល្លី បន្តថា ស្របតាមតួនាទី ភារកិច្ចខាងលើ មន្ទីរព័ត៌មានខេត្តសៀមរាប បានកំពុងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពសកម្មបំផុត និងសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរ តាមគោលការណ៍ និងផែនការណែនាំរបស់ក្រសួងព័ត៌មាន និងអាជ្ញាធរខេត្ត ។ លទ្ធផលប្រកបដោយផ្លែផ្កានេះ គឺទទួលបានពីការចូលរួម និងកិច្ចសហការល្អពី អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ-អង្គភាពក្នុងខេត្ត រួមនិងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៕






Powered by Blogger.