កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...




(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង០៣និង០០នាទី  ថ្ងៃទី២៦ ខែសីហា ២០២៤ ដោយទទួលបានសេចក្តីរាយការពីក្រុមសង្គ្រោះបឋមប្រចាំក្រុងប៉ោយប៉ែត ថាឃេីញបុរសម្នាក់បានបោះចោលវត្ថុម្យ៉ាង សង្ស័យថាជាគ្រឿងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេីយព្យាយាមរត់គេច ក្រុមសង្គ្រោះបឋមបណ្តាលឱ្យដួល ហើយរបួសកែងដៃស្តាំ និងហើមដៃខាងឆ្វេង។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះទៅឃាត់ខ្លួនបុរសនោះ ហើយដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប ស្មើនឹង ៦០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។  



     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ បញ្ញា រិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ 


       ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 



      លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 


     បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Powered by Blogger.