បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ




បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ និងជាតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពី តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានសរុបផែនការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការ-អធិការរងក្រុងស្រុកទាំង៩ និងសិក្ខាកាមសរុបចំនួន ១៣៤នាក់ (ស្រី២៥នាក់)។ វគ្កសិក្សានេះមានរយះពេលចំនួន១២ថ្ងៃ គិតចាប់បីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីនគរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់ទំនងល្អ ជាមួយពួកគាត់។


ទន្ទឹមគ្នានោះឯកឧត្តមគណអធិបតី ក៏បានក្រើនរំលឹកដល់កងកម្លាំងគរបាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា ពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕

Powered by Blogger.