អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងការងារនិងបណ្តុះបណ្តាលលវិជ្ជាជីវ: រួមគ្នាពង្រឹងការងារទប់ស្កាត់គ្រឿងញៀន-អេដស៍..!

 




ខេត្តសៀមរាប៖ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំការងារនិងបណ្តុះបណ្តាលលវិជ្ជាជីវ ខេត្តសៀមរាប មានរៀបចំសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសរសើរសម្រាប់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨។



ដែលសិក្ខាសាលានេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលលវិជ្ជាជីវ: សំដៅពង្រឹងសុខភាព សុវត្ថិភាពការងារពីបញ្ហាគ្រឿងញៀន-អេដស៍ នៅកន្លែងការងារ។



លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរ បានថ្លែងស្វាគមន៍និងរាយការណ៍ពីកិច្ចចាត់តាំងអនុវត្តនៅរាល់ប្រកាសនិងសេចក្តីសម្រេចរបស់ក្រសួងសំដៅផ្តល់នូវកិច្ចគាំពារសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ:ដើម្បីកំនើនសេដ្ឋកិច្ច សន្តិសុខ សីលធម៌ សមធម៌ នៅកន្លែងការងារក្នុងខេត្តសៀមរាប។

លោកទុន សោភ័ណ តំណាងILO បានមានប្រសាសន៍ដោយលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាសង្គមរវាងនិយោជក និងនិយោជិកដើម្បីធានាលក្ខខណ្ឌសុខភាពការងារល្អប្រសើរ។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានថ្លែងអំណរគុណដែលបានរួមគ្នាអអនុវត្តនូវរាល់ប្រកាស សេចក្តីណែនាំ សំដៅធ្វើឱ្យមានសុខដុមនីយកម្ម សុវត្ថិភាពនៅនៅកន្លែងធ្វើការពីបញ្ហាគ្រឿងញៀន និងរួមគ្នាផ្សព្វផ្សាយនិងទាញយកApp Nodrug៖https://nodrugsnacd.com/download មកប្រើប្រាស់សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វើការ។

ថ្លែងក្នុងនាម ហេង សួរ រដ្ឋមន្រ្តី ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ ហានសុង បានថ្លែងអំណរគុណដល់គ្រប់ភាគីដែលបានផ្តល់កិច្ចសហការបំពេញលក្ខខណ្ឌដើម្បីទទួលបានការលើកសរសើរសម្រាប់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨ ហើយជនបង្គោលត្រូវតែពង្រីកការផ្សព្វផ្សាយបន្តដល់មិត្តភក្តិជាបុគ្គលិករួមការងារដើម្បីសុវត្ថិភាពសុខភាពការងារពីបញ្ហាគ្រឿងញៀន-អេដស៍ពិសេសចូលរួមធ្វើឱ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពឆ្លើយតបកង្វល់ប្រជាពលរដ្ឋនិងពង្រឹងភាពប្រកួតប្រជែងមូលធនមនុស្សទៅទីផ្សារការងារទាំងក្នុងប្រទេសនិងតំបន់។

តាមបទបង្ហាញរបស់ឧត្តមសេនីយ៍ត្រី យិន យឿត សិក្ខាកាមបានយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍ការប្រើប្រាស់នៃមុខងារApp Nodrug។


















Powered by Blogger.