ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមជាមួយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ...!
(ខេត្តត្បូងឃ្មុំ)នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ដល់់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាមបណ្តាក្រុងស្រុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានសរុបផែនការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, ស្នងការរងខេត្ត នាយការិយាល័យ លោកអធិការ-អធិការរង ក្រុងស្រុកទាំង៧ និងសិក្ខាកាម វគ្គជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សង្ខេប អំពីការងារបណ្តុះបណ្តាល ដោយបានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចាត់បញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះ សរុប ចំនួន ១៤៦ រូប (ស្រី ៤៧ រូប)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរ ដល់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងមានការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទកៈ។ ជាពិសេសវគ្គបំប៉ននេះ បានផ្ដល់ជាធាតុចូល សំខាន់ៗ ដល់មន្ត្រីនគរបាលទាំងអស់ ដែលបានចូលរៀនវគ្គបំប៉នខាងលើ ហើយត្រូវយកចំណេះដឹងទាំងនេះ យកទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ក្នុងនោះដែរ ត្រូវបង្កើនទំនាក់ទំនងល្អបន្ថែមទៀត ជាមួយពួកគាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តស្វែងយល់បន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា ពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ គ្មានក្មេងទំនើង និងគ្មានគ្រឿងជាដើមផងដែរ ៕
Post a Comment