កម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនបុរសម្នាក់នៅស្រុកក្រគរ ពាក់ព័ន្ធការរួមគំនិតចូលរួមបង្កចលាចលសង្គម និងញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមការអូសទាញក្រុមនយោបាយទុច្ចរិតនៅក្រៅប្រទេស
ខេត្តពោធិ៍សាត់៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនបុរសម្នាក់ទៀតនៅស្រុកក្រគរ ពាក់ព័ន្ធរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ ដោយញុះញង់បង្កចលាចលសង្គម តាមរយៈការរួមគំនិតចូលរួមកុបកម្មដោយខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីថ្លែងការណ៍របស់តំណាងអយ្យការខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនឈ្មោះ សន ច័ន្ទសាន ហៅ ញ៉ង អាយុ៣១ឆ្នាំ ដែលបានសរសេរអត្ថបទក្នុងន័យកៀងគរ មហាជនឱ្យចូលរួមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿងវត្ថុតាងដែលបានដកហូត, តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់១០ឆ្នាំ៕
Post a Comment