ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

 


សៀមរាប÷នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ លោក យន់ លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូប្រទេសអុីស្រាអែល ដឹកនាំដោយ លោកជំទាវ Orna Sagiv  ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីប្រតិភូអុីស្រាអែល និងថ្នាក់ដឹកនាំខេត្តសៀមរាប ពាក់ព័ន្ធមួយចំនួនទៀត។



លោក យន់ លីនណេ បានបញ្ជាក់ថា សេដ្ឋកិច្ចខេត្តសៀមរាប ពឹងផ្អែកលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ មានប្រជាពលរដ្ឋប្រកបការងារកសិកម្ម ៨២ភាគរយ និង ១៨ភាគរយ ប្រកបមុខរបរផ្សេងៗ សំខាន់ជាប្រតិបត្តិករទេសចរណ៍។ ក្នុងនោះលោកបានសំណូមពរដល់រដ្ឋាភិបាលអុីស្រាអែល ជួយផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា សំខាន់នៅខេត្តសៀមរាប ឱ្យបានទៅសិក្សាក្នុងវិស័យបច្ចេកទេសកសិកម្មក៏ដូចឧស្សាហកម្មបច្ចេកវិទ្យាជាដើម។ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញដល់អ្នកវិយោគទុនអុីស្រាអែលចូលមកកម្ពុជា ជាពិសេសនៅខេត្តសៀមរាប លើវិស័យកសិកម្ម និងទេសចរណ៍។



ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលអុីស្រាអែល ប្ដេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តសៀមរាប ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកសិកម្មកម្ពុជា ឱ្យទៅសិក្សានៅប្រទេសអុីស្រាអែល។



ក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍនៃក្រុងប្រវត្តិសាស្ត្រមួយនេះ ដែលមានការរីកចម្រើនប្រកបទៅដោយសោភ័ណ្ឌភាពស្រស់ត្រកាល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ ម៉្យាងទៀតប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ សំខាន់ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដែលរដ្ឋបាលខេត្តសៀមរាប បានធ្វើការដាំដើមឈើនៅតាមដងវិថីក្នុងក្រុង ក៏ដូចកន្លែងផ្សេងៗទៀត។ លោកជំទាវថា ប្រទេសយើងទាំងពីរសុទ្ធតែជាប្រទេសដែលចំណាស់ មានប្រវត្តិសាស្រ្តច្រើនឆ្នាំដូចជាប្រាសាទអង្គរវត្ត ហើយប្រទេសអុីស្រាអែល ក៏មានប្រវត្តិសាស្រ្តរាប់រយឆ្នាំដែរ។ ប្រទេសយើងទាំងពីរក៏មានភាពវៃក្មេងផ្នែកពាណិជ្ជកម្ម លោកជំទាវជឿជាក់ថា យើងអាចសហការគ្នាច្រើនបានច្រើនផ្នែក។ 



លោកជំទាវបន្តថា បច្ចុប្បន្នប្រទេសអុីស្រាអែល បានកំពុងតែស្វែងរកដៃគូសហការ ហើយក្នុងនោះយើងក៏មានក្រុមហ៊ុនមកពីអុីស្រាអែលជាច្រើន ដែលចង់មកវិនិយោគនៅប្រទេសកម្ពុជា ទាំងនេះហើយគឺជាកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ លោកជំទាវជឿជាក់លើកិច្ចសហប្រតិបត្តិការគ្នា រវាងប្រទេសនៅលើពិភពលោក និង ប្រទេសអុីស្រាអែល និងរដ្ឋបាលខេត្តសៀមរាប នឹងមានភាពរីកចម្រើនកាន់តែខ្លាំងឡើងទៅពេលអនាគត៕






Powered by Blogger.