ទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ ៖ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹងបំណិន និងនវានុវត្តន៍»



(កំពង់ចាម) មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួម ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៤ ធ្វើនៅវិទ្យាល័យតាមាង ស្ថិតនៅឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ពិធីនេះ មានការអញ្ជើញចូលរួម ពីលោក ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នជុំវិញ អាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំង តំណាងប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។



លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តមានប្រសាសន៍ ថាទិវា អក្ខរកម្មជាតិ ០៨ កញ្ញានេះ ជាទិវាមួយដែលមានសារៈសំខាន់។ ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹងបំណិន និងនវានុវត្តន៍” ប្រធានបទនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការសិក្សា រៀនសូត្រតាមរយៈកម្មវិធីអក្ខរកម្មបានផ្តល់ឱកាសជាថ្មីម្តងទៀតដល់អ្នកសិក្សា ជាពិសេសប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ កុមារ និងយុវជននៅក្រៅ សាលា កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជន ជនជាតិដើមភាគតិច។ កម្មវិធីនេះ ធ្វើឱ្យពួកគាត់ ចេះអាន សរសេរ គិតលេខ អាចដោះស្រាយបញ្ហា មានគំនិតច្នៃប្រឌិត និងផ្លាស់ប្តូរឥរិយាបថអវិជ្ជមាន។ អក្ខរកម្មជាគ្រឹះនៃចំណេះដឹង ជាគ្រឹះនៃការអប់រំ អក្ខរកម្មមិនត្រឹមតែឱ្យអ្នករៀន ចេះអាន ចេះសរសេរ និងគិតលេខតែប៉ុណ្ណោះទេ ថែមទាំងជួយអ្នករៀនយល់ដឹង វិភាគបាននូវព័ត៌មានទូទៅ និង ទទួលបាននូវចំណេះដឹងថ្មីៗក្នុងការកែលំអគុណភាពនៃជីវិត ហើយជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញ មួយជីវិត ដែលជាកត្តាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស រួមចំណែកក្នុងការកសាង និងអភិវឌ្ឍ ប្រទេសជាតិ អក្ខរកម្មជួយពលរដ្ឋឱ្យទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច កសាងបាន នូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាព ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ 



លោកជំទាវ អភិបាលរងខេត្ត មានប្រសាសន៍បន្តែមទៀតថា សមិទ្ធផល នៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកល ពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងអង្កការជាដៃគូអភិវឌ្ឍនានា ។ ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា និងសា្ថប័នដៃគូរអភិវឌ្ឍពាក់ព័ន្ធ បាននឹងកំពុងដំណើរ ការថ្នាក់អក្ខរកម្ម នៅតាមបណ្តាភូមិ ឃុំ/សង្កាត់ នៅទូទាំងប្រទេស ផងដែរ ។



ឆ្លៀតនាឱកាស លោក ប៉ាង ដានី បានកោតសរសើរ និងថ្លែងអំណរគុណ និងបានផ្តល់ជូននូវប័ណ្ណសរសើរ និងរង្វាន់ ជូនដល់ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សហគមន៍សប្បុរសជន និងអាជ្ញាធរដែនដី ព្រមទាំង អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ក្នុងខេត្តកំពង់ចាម ផងដែរ ៕






Powered by Blogger.