ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដល់មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


 


បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត។



ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ ប្រតិភូអមដំណើរ មន្ត្រីមកពីមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការនៃក្តីស្រលាញ់(LOVE IN ACTION)  និងសិក្ខាកាមនគរបាលសរុប១៥៩នាក់ (ក្នុងនោះសិក្ខាកាមចំនួន៤២នាក់)។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការកន្លងមក។ លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម សរុបចំនួន៤២នាក់ មកពីតាមបណ្តាការិយាល័យនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩។



ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺកម្លាំងនគរបាលយើងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តន៍តួនាទី ភារកិច្ច បានពង្រឹងការលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារសន្តិសុខព្រហ្មទណ្ឌ ក្មេងទំនើង និងពង្រឹងច្បាប់ចរាចរណ៍។ លោកសូមគាំទ្រចំពោះការបង្កើតវគ្គបណ្តុះបណ្តាលនេះ ព្រោះនៅពេលមន្ត្រីនគរបាលបាលយើងមានចំណេះ ជំនាញច្បាស់លាស់ អាចជួយសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរចរណ៍បានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា វគ្គនេះបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ លើចំណេះដឹង បច្ចេកទេសសង្គ្រោះបន្ទាន់ ដើម្បីមានជំនាញច្បាស់លាស់ សម្រាប់ជួយសង្គ្រោះជិវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់ត្រូវបន្តពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ សិក្ខាកាមត្រូវយកចំណេះ ជំនាញ វិជ្ជាជីវះ បច្ចេកទេសទាំងនេះ ទៅប្រើឲ្យចំគោលដៅ និង ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕
















Powered by Blogger.