អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនស្ត្រីជាជនជាតិថៃម្នាក់ពាក់ព័ន្ធករណីរក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះកងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពត៌មានពីសន្តិសុខថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចអគារម្តុំមាត់អូរស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានពត៌មាននេះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ថាណាផន ធូឃឿ (THANAPORN THOKROA) ហៅ អយ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ រួមនឹងដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច (WY) ចំនួន០៧ថង់កិប ស្មើនឹង ៦៧គ្រាប់ ទម្ងន់ ៧,៩៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, ទូរសព្ទ ចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន ០២សន្លឹក, ខ្សែកលោហធាតុពណ៌លឿង ចំនួន ០១ខ្សែ (ប្រវែង ៦១cm), កូនកាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ ហើយនាំជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធីព្រមទាំងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕
Post a Comment