កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និង វាយតម្លៃកិច្ចប្រតិបត្តិការ ត្រួតពិនិត្យ យានយន្តកែច្នៃខុស លក្ខណៈ បច្ចេកទេស។
យានយន្តគ្រប់ប្រភេទ ពិសេសខ្នាតធំបានដឹកលើសទម្ងន់ វានឹងបំផ្លាញផ្លូវថ្នល់ដាច់ខ្ទេចគ្មានសល់ នេះតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសហការទប់ស្កាត់ឱ្យខាងតែបាន។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សេងឈួន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុម ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបានថ្លែងក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកានៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ឈឿនង ក្រៃយ៉ុង អភិបាលរងខេត្ត និងមន្ត្រីអង្គភាពពាក់ព័ន្ធ។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា ចាប់ពី១១ខែ ឆ្នាំ២០២៤កន្លងទៅនេះក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត បានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិលេខ៥ លេខប៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសរុបចំនួន ៥៩៣៨គ្រឿង រថយន្តលក្ខណៈត្រឹមត្រូវ ៥៣៥៤គ្រឿង ហួសសុពលភាពឆៀក ចំនួន ៦៤គ្រឿង គ្មានពាក់ស្លាកលេខចំនួន ២៣០គ្រឿង យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ២គ្រឿង និងប័ណ្ណបើកបរខុសប្រភេទយានយន្តចំនួន ២៨០គ្រឿង។ នៅក្នុងកិច្ចប្រជុំនេះផងដែរអស់លោកលោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងថា ជារៀងរាល់ថ្ងៃ ក៏បានធ្វើការឃាត់រថយន្តមួយចំនួន ដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ដូចជារថយន្តដឹកខ្សាច់ រថយន្តកែច្នៃតទ្រុង ដឹកអង្កាមជាដើម។ ចំពោះបញ្ហាប្រឈមមួយចំនួនដែលមានការពិបាកនោះគឺយានយន្តធុនធំ រថយន្តតទ្រុងខុសបច្ចេកទេស ចរាចរណ៍ដឹក នៅពេលយប់ ដើម្បីជាការលាក់បាំងដល់មន្ត្រីមានសមត្ថកិច្ចឬមន្ត្រីជំនាញ។ ដូចនេះមន្ត្រីស្នើសុំគោលការណ៍ដើម្បីធ្វើការទប់ស្កាត់និងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្ត ដឹកលើសទម្ងន់និងរថយន្តទ្រុងខុសលក្ខណៈបច្ចេកទេសព្រោះថា ស្ថានភាពទូទៅនៃចរាចរណ៍នៅកម្ពុជាបាននិងកំពុង ប្រែក្លាយជាបញ្ហាដ៏ធំ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម សេង ឈួន បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុសំខាន់នៃគ្រោះថ្នាក់ចរាចរណ៍គឺមានបីយ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ តែអ្វីដែលសំខាន់បច្ចុប្បន្នគឺយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសអ៊ីចឹង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អោយបានប្រើប្រាស់បានយូរអង្វែង តម្រូវឲ្យមន្ត្រីយើងទាំងអស់ដែលជាអ្នកពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់ ខុសលក្ខណៈបច្ចេកទេស យើងអាចឃាត់ ទប់ស្កាត់បានគ្រប់ពេលវេលាមិនថាថ្ងៃឬយប់នោះឡើយ។
Post a Comment