កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ...
(បន្ទាយមានជ័យ): នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ខណៈ ទុកម៉ូតូនៅកន្លែងធ្វេីការ កាលពីថ្ងៃខែឆ្នាំដដែល នៅចំណុចមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១១ និង០០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ឃីម កំសត់ ភេទប្រុស អាយុ១៨ឆ្នាំនៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ ព្រមទាំងវត្ថុតាងម៉ូតូ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕
Post a Comment