សេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការស៊ើបអង្កេតបឋមក្នុងសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន

 



អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបលើចំណាត់ការផ្នែកនីតិវិធីពាក់ព័ន្ធ ឈ្មោះ ផាត់ ហ៊ន ហៅពូ ហ៊ន ដូចខាងក្រោម៖

១-តំណាងអយ្យការបានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ឱ្យចូលមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ពាក់ព័ន្ធផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយបញ្ចប់ការសាកសួរ តំណាងអយ្យការបានអនុញ្ញាត ឲ្យឈ្មោះ ផាត់ ហ៊ន ហៅពូ ហ៊ន ត្រលប់ទៅផ្ទះវិញជាធម្មតា។ 



២- ក្នុងការសាកសួរ ឈ្មោះ ផាត់ ហ៊ន បានសារភាព និងទទួលស្គាល់កំហុស និងសុំទោសដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អង្គភាពសារព័ត៌មានខ្លួន កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។    



៣-តាមចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន។ សំណើសុំផ្ទេរសមត្ថកិច្ចនេះមិនមែនជាករណីថ្មីនោះទេ ប៉ុន្តែវាជាការអនុវត្តដែលបានធ្វើកន្លងមករួចហើយក្នុងករណីដែលដំណើរការក្តីក្នុងតុលាការណាមួយមិនអាចធានាបាននូវការជឿទុកចិត្តលើតម្លាភាព និងភាពមិនលម្អៀងក្នុងចំណាត់ការសំណុំរឿង។



Powered by Blogger.