អ្នកមានលុយ មានអំណាច ឈ្លោះគ្នាដណ្ដើមគ្រប់គ្រង ដីជើងភ្នំកង្វានិងសាងសង់សំណង់រឹងមាំ (ដីរដ្ឋ)ធ្វើអោយអាជ្ញាធរឈឺក្បាល...!





បន្ទាយមានជ័យ ៖ ផ្ទុះសារជាថ្មី ដីជើងភ្នំកងវ៉ា បន្ទាប់ពីអាជ្ញាធរចុះរុះរើរបង ដែលក្រុមហ៊ុន កូ ណៃ ហ៊ុំព័ទ្ធស្ទើរយកដីជើងភ្នំទាំងស្រុងកាលពីចុងឆ្នាំ២០២២ មិនទាន់បានប៉ុន្មានផង ឥឡូវត្រូវបានអ្នកមានលុយ មានអំណាច ឈ្លោះគ្នាដណ្ដើមគ្រប់គ្រង និងសាងសង់សំណង់រឹងមាំ ។




ការឈ្លោះគ្នាដណ្តើមដីរដ្ឋ ដែលជាដីជើងភ្នំកងវ៉ា ស្ថិតក្នុងភូមិពង្រ សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខាងលើ ត្រូវបានលោក តួ ធានទឺ ដែលគេស្គាល់ច្បាស់ ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើពាក្យសុំទៅអាជ្ញាធរសង្កាត់កំពង់ស្វាយ និងប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ថា ដីផ្លូវដែលប្រជាពលរដ្ឋតែធ្វើដំណើរទៅចំការនៃជើងភ្នំកងវ៉ា ត្រូវបានគេធ្វើរបងចាក់ដីកាន់កាប់យ៉ាងរឹងមាំ ហើយត្រូវបានភាគីចាក់ដីម្ខាងទៀតឈ្មោះ គង់ បានប្តឹងមកលើគាត់ (តួ ធានទឺ) ថាបានធ្វើឱ្យខូចខាតដោយចេតនា លើដីរបស់ឈ្មោះ គង់ ។



តែបើតាមឯកសារ ដីរបស់ឈ្មោះ គង់ ដែលបានទិញដីពីអតីតប្រពន្ធរបស់ឈ្មោះ តួ ធានទឺ គឺ ព្រំប្រទល់ខាងកើតជាប់នឹងប្រឡាយ ដែលមានឯកសារដឹងឮពីភូមិឃុំ ហើយករណីប្តឹងនេះ គឺ ឈ្មោះ គង់ បានប្តឹងឈ្មោះ តួ ធានទឺ ទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនិងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តិនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិពង្រ ។ ហើយតាមរយៈបណ្ដឹងនេះដែរ ឈ្មោះ តួ ធានទឺ បានធ្វើពាក្យស្នើទៅសាលាសង្កាត់កំពង់ស្វាយ ឱ្យជួយពិនិត្យ និងដោះស្រាយដោយស្នើសុំធ្វើការអញ្ជើញឈ្មោះ គង់ មកដោះស្រាយនៅសាលាសង្កាត់ និងសុំឱ្យខាងសង្កាត់ចុះពិនិត្យជាក់ស្តែងនៅដីទំនាស់ ។



ដោយឡែកបើតាមឈ្មោះ គង់ បានឱ្យដឹងតាមរយៈទូរស័ព្ទយ៉ាងខ្លីថា ករណីនេះលោកបានប្ដឹងទៅតុលាការហើយ មិនមានអ្វីត្រូវរៀបរាប់ទេ ។



គួរបញ្ជាក់ថា ទីតាំងដីខាងលើ ដែលមានទំនាស់និងគ្នា គឺជា ជើងភ្នំកងវ៉ា ដែលកន្លងមកច្រើនឆ្នាំមកហើយ ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្មឈូសឆាយកាយយកអាចម៌ដីលក់ រួចហើយបានហ៊ុំព័ទ្ធយកដីធ្វើកម្មសិទ្ធិ និងលក់ជាបន្តបន្ទាប់តាមរយៈគ្រប់រូបភាពត្រឹមភូមិឃុំ ។ ហើយទីតាំងនេះ ក៏ជាទីតាំងមួយដែលកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តែងយកមកធ្វើសមយុទ្ធបាញ់គ្រាប់ពិត ។ រហូតដល់ក្រោយមកជាច្រើនឆ្នាំ ពិសេសនៅឆ្នាំ២០២២ ទីតាំងដីជើងភ្នំកងវ៉ានេះ ក៏ត្រូវបានក្លាយជាដីមួយដែលត្រូវប៉ាន់ មានអ្នកមានលុយ មានអំណាចជាច្រើន តាមរយៈការទិញពីពលរដ្ឋ បានទៅឈូសឆាយចាក់ដី ធ្វើរបងហ៊ុំព័ទ្ធរៀងៗខ្លួន ក្នុងនោះក្រុមហ៊ុន កូ ណៃ បានឈូសឆាយធ្វើផ្លូវ កាយប្រឡាយ ព័ទ្ធរបងតាមជើងភ្នំហ៊ុំព័ទ្ធភ្នំកងវ៉ា ហើយថែមទាំងបានយកដុំថ្មបិតផ្លូវចាស់នៃផ្លូវជើងភ្នំ ដែលប្រជាកសិករតែដឹកកសិផល និងធ្វើដំណើរ រហូតមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ស្នើសុំឱ្យបើកផ្លូវនេះឡើងវិញ ទើបរឿងព័ទ្ធជើងភ្នំកងវ៉ា ធ្វើកម្មសិទ្ធិបានដឹងដល់ថ្នាក់លើ តាមរយៈអាជ្ញធរខេត្ត-ក្រុង បានចុះរុះរើបន្ទាន់ រហូតស្ងប់ស្ងាត់មួយរយៈ ស្រាប់តែមានការលេចឡើងនូវបញ្ហាជម្លោះ ដណ្ដើមដី និងផ្លូវ និងការធ្វើសំណង់រឹងមាំពីបេតុង ពីសំណាក់ភាគីខាងលើ ដូចករណីពីមុនដែរ ។



ជុំវិញករណីខាងលើនេះ តាមការឱ្យដឹងពីអាជ្ញាធរក្រុងសិរីសោភ័ណ មិនទាន់ទទួលបានព័ត៌មានអំពីបញ្ហាខាងលើនេះទេ តែក្រុងនឹងចាត់ឱ្យភូមិ-សង្កាត់ចុះពិនិត្យ និងធ្វើរបាយការណ៍ ហើយបើមានករណីរំលោភកាន់កាប់ដីរដ្ឋ និងប៉ះពាល់ផលប្រយោជន៍ពលរដ្ឋអាស្រ័យផលពិតមែន អាជ្ញាធរនឹងចាត់វិធានការ ឱ្យរុះរើចេញ ឬវាយកម្ទេចចោល ព្រោះកន្លងមកអាជ្ញាធរធ្លាប់បានវាយកម្ទេច និងរុះរើរបងដែលព័ទ្ធជើងភ្នំរួចម្តងហើយ ។



ដោយឡែកបើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យ “រឿងនឹងឈ្លោះតែគ្នាដីភ្នំហ្នឹង ធ្វើឱ្យឈឺក្បាលដល់អាជ្ញាធរ គឺ យកដីរដ្ឋទាំងអស់គ្នា” ៕








Powered by Blogger.