កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា...
(បន្ទាយមានជ័យ): ក្រោយពីមានករណីហិង្សាប្រព្រឹត្ដកាលពីវេលាម៉ោង០៥និង០០នាទី ទាបភ្លឺ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ បណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួសសម្រាកព្យាបាលនៅមន្ទីរស្រុកថ្មពួក ហើយលោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងចាប់យកវត្ថុតាង កាំបិតផ្គាកចំនួន០១ដើម ,ដាវ ចំនួន០២ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យប៉ុន្មានថ្ងៃកន្លងមក។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានបន្ដស្រាវជ្រាវរកជនសង្ស័យ និងបក្ខពួកដែលរត់គេចខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ តាវ ទិង ភេទប្រុស អាយុ២០ឆ្នាំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកនៅសល់ម្នាក់ទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Post a Comment